កម្ពុជានឹងទទួលបានកម្ចី ៧០០ លានដុល្លារពីកូរ៉េសម្រាប់ការអភិវឌ្ឍគម្រោងចំនួន១០
ប្រទេសកូរ៉េត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០ លានដុល្លារ បន្ថែមទៀត ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន ១០ អំឡុងឆ្នាំ ២០១៩ ដល់ ២០២៣។ នេះបើយោងតាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះជាការលើកឡើងរបស់សម្តេច គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសិស្សនិស្សិត និងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ កូរ៉េខាងត្បូងផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារអាមេរិក ហើយឆ្នាំ ២០១៩ កន្លងទៅនេះ ជំនួយឥតសំណងមាន ១៧ លានដុល្លារ និងឆ្នាំ ២០២០ គ្រោងផ្តល់ឲ្យកម្ពុជា ២៤លានដុល្លារ ជាជំនួយឥតសំណងផងដែរ»។
សម្តេច បានបន្តទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ប្រមាណ ៨៨៩ លានដុល្លារ សម្រាប់ការអភិវឌ្ឍគម្រោងចំនួន២៣ ហើយទើបតែបានបើកប្រើប្រាស់អស់ប្រមាណ ៤៤២ លានដុល្លារ។
«ហើយសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ កូរ៉េត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ ទៀត» សម្ដេចបានបន្ត។
គួរបញ្ជាក់ផងដែរថា នៅខែកុម្ភៈនេះ សម្តេចនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ គម្រោងថវិកាជំនួយប្រមាណ ៥០ លានដុល្លារពីរដ្ឋាភិបាលកូរ៉េផងដែរ។ (អានបន្ថែម)
លើសពីនេះ ក៏មានផ្លូវមួយខ្សែទៀត ពីស្រែអំបិលផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង ក៏នឹងពង្រីកជាផ្លូវល្បឿនលឿនផងដែរក្រោមជំនួយពីរដ្ឋាភិបាលកូរ៉េ ។ (អានបន្ថែម)

