ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា តំណក់ប្រេងលើកដំបូងនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះ ដែលនឹងក្លាយជាប្រភពចំណូលពីធនធានធម្មជាតិដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាលធនធានមនុស្សនៅព្រឹកថ្ងៃទី១៨វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណូលបានពីវិស័យប្រេងកាត នឹងត្រូវចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ពោលគឺការកសាងផ្លូវថ្នល់ ប្រឡាយ និងការអប់រំ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ឥឡូវ ដំណក់ប្រេងរបស់យើង នឹងចេញក្នុងឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ ខ្ញុំនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពីធ្វើការងារ ជាមួយក្រុមហ៊ុនដែលកំពុងតែកសាង យ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់យើង”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរំពឹងធំរបស់រដ្ឋាភិបាលពីចំណូលធនធានធម្មជាតិ ដែលមានរ៉ែមាស រ៉ែធ្យូងថ្ម និងរ៉ែប្រេងកាត គឺចំណូលដែលនឹងអាចទទួលបាននៅពេលខាងមុខនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ទទួលសិទ្ធិវិនិយោគ គម្រោងប្រេងអប្សារាក្នុងប្លុក A ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ តាមផែនការ ក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា មានអត្រាផលិតកម្មខ្ពស់បំផុត ៧ ៥០០ប៉ារ៉ែល ក្នុង១ថ្ងៃ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន KrisEnergy ប្រេងពីតំបន់អប្សរា គ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជានិងប្រទេសថៃ កំពុងចរចាលើតំបន់ត្រួតគ្នានៃប្លុកប្រេងនៅឈូងសមុទ្រថៃ ដើម្បីអភិវឌ្ឍរួមគ្នា៕