កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើម្បី​ជួសជុល​សាលារៀន ផ្ទះសម្បែង និង​កន្លែង​សាធារណៈ​ដែល​រង​ការ​ខូចខាត​ដោយសារ​ភាព​តានតឹង​យោធា​ថ្មីៗ​នេះ​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ-កម្ពុជា

រាជរដ្ឋាភិបាល បានប្រកាសសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័នដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ការសម្រេចបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចនេះ គឺដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព លំនៅឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាដែលរងការខូតខាតដោយការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែនកម្ពុជា-ថៃ។

នៅក្នុងសេចក្តីសម្រេចនោះ រដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ ដែលមានឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន ដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមសេចក្តីសម្រេចដដែល សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទីសិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ។

លើសពីនេះ សមាសភាពក្រុមការងារ ក៏មានទូនាទីក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅផងដែរ៕

- Video Advertisement -