កម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រទេសចិន
កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រទេសចិន។
ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន ក្នុង១ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។
ឯកឧត្តមបន្តថា ការសម្រេចនាំចេញនេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន២លើក នៅក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។
សមិទ្ធិផលនេះ ឯកឧត្តមថា គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងការអនុវត្តដោយយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន។
ឯកឧត្តម បញ្ជាក់ទៀតថា គ្រាប់ស្វាយចន្ទី ដែលបាននាំចេញនៅពេលនេះ គឺជាប្រភេទពូជក្នុងស្រុកឈ្មោះ M23 ដែលមានគុណភាពល្អ គ្រាប់ធំ និងរសជាតិឆ្ងាញ់។ ហើយបន្ទាប់ពីការនាំចេញជើងដំបូងនេះ កម្ពុជា នឹងបញ្ជូនគ្រាប់ស្វាយចន្ទី តាមយន្តហោះទៅខេត្តហឺណាន ជារៀងរាល់សប្ដាហ៍។
សូមបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ធ្លាប់បានឱ្យដឹងថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ ដោយឡែក បើតាមក្រសួងកសិកម្ម កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅចិន ជាច្រើនមកហើយ ប៉ុន្តែសម្រាប់ខេត្តហឺណាន គឺជាលើកដំបូង៕



- Video Advertisement -