កម្ពុជាប្រកាសបង្កើតមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសេអ៊ូល ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាបន្ថែមទៀត
ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសថានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េនាពេលខាងមុខ ខណៈបច្ចុប្បន្នបានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងរួចរាល់ហើយ។នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីនេះ។
នាឱកាសនោះ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា គោលបំណងចម្បងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជា ក៏ដូចជាផ្តល់ព័ត៌មានអំពីពាណិជ្ជកម្ម ឱកាសវិនិយោគ ទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាដល់ពាណិជ្ជករ និងអ្នកវិនិយោគកូរ៉េខាងត្បូង។
ជាមួយគ្នានេះ លោក លន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល ដែលនឹងជំរុញធុរជន វិនិយោគិនកូរ៉េ ទៅធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-កូរ៉េ ឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ។
ក្រៅពីកូរ៉េខាងត្បូង កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងពាណិជកម្មកម្ពុជា ក៏ធ្លាប់ប្រកាសពីគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស, ទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា, ទីក្រុងអាតស៊ូគិ ប្រទេសជប៉ុន និងទីក្រុងម៉ាកាវ ប្រទេសចិន។ មជ្ឈមណ្ឌលទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ផលិតផលកម្ពុជានៅលើឆាកអន្តរជាតិ និងទាក់ទាញពាណិជ្ជករ និងអ្នកវិនិយោគបរទេសមកកម្ពុជា ដែលគឺជាកត្តាជំរុញដ៏មានប្រសិទ្ធិភាពបំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់វត្តមានពាណិជ្ជកម្មសកលរបស់កម្ពុជាផងដែរ៕ (អានបន្ថែម, បន្ថែម និង បន្ថែម)
នៅពេលដែលប្រទេសកម្ពុជាត្រៀមលក្ខណៈសម្រាប់ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួននៅទីក្រុងសេអ៊ូល ពាណិជ្ជករ និងអ្នកវិនិយោគនៅទីនោះនឹងអាចមើលឃើញរិតតែច្បាស់អំពីសក្តានុពលរបស់កម្ពុជា សម្រាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងឱកាសវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូងនាពេលខាងមុខ។

- Video Advertisement -