កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូលបាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤
នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។
នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពដដែលបានបង្ហាញថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិតក្នុងខេត្តចំនួន ១១។ ក្នុងចំណោមនោះ ខេត្តក្រចេះនាំមុខគេ ដែលមានរោងចក្រកែច្នៃថ្មអាចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់លើផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។
លើសពីនេះ លោកស្រី ឡេង ដាវី អនុប្រធានសមាគម៍ថ្មអារ បានឱ្យដឹងថា ស្រុកចំនួនពីរស្ថិតក្នុងខេត្តក្រចេះមានសក្តានុពលលើធនធានរ៉ែថ្មអារសម្រាប់កែច្នៃនោះគឺស្រុកសំបូរ និងស្រុកស្នួល។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជាចំណូលមិនមែនសារពើពន្ធបានប្រមាណ ៩០លានដុល្លារ។
ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការ។
នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍធនធានធម្មជាតិរបស់ខ្លួន វិស័យកែច្នៃថ្មបានឈរជាសក្ខីភាពនៃការសន្យារបស់ប្រទេសអំពីកំណើនសេដ្ឋកិច្ច និងការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។
- Video Advertisement -