កម្ពុជាអនុវត្តវិធានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់
ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនដែលកំពុងកើតមាន ក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ បិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យទំនិញ មនុស្ស និងមធ្យោបាយចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ឡើយ។
នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៤។
ក្រសួងមហាផ្ទៃ បានធ្វើការណែនាំគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវអនុវត្តវិធានការបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីរកឃើញថា មានសកម្មភាពចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រដែលអង្គភាពណាមួយឈរជើងការពារ ប្រធានអង្គភាពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទន្ទឹមគ្នានេះ ក្រសួងក៏ណែនាំឱ្យ ខេត្តទាំងនោះ ចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ ពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខជាតិនិងសុវត្ថិភាពសង្គម។
សូមបញ្ជាក់ដែរថា ការប្រកាសដាក់ចេញវិធានការខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ បានសង្កេតឃើញ មានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។ ក្នុងនោះរួមមាន ការធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់ បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មគ្រឿងញៀនជាដើម។
នៅពេលដែលរដ្ឋាភិបាលពង្រឹងវិធានការសន្តិសុខព្រំដែន អាជ្ញាធរក៏ជំរុញឱ្យមានការសហការពីសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ដើម្បីជួយរក្សាបូរណភាពព្រំដែនកម្ពុជា។
- Video Advertisement -