កម្ពុជា-កូរ៉េ កំពុងធ្វើការរួមគ្នា ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជាឱ្យរិតតែប្រសើរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានបើកកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូង ជាលើកទីដំបូង ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង។
កិច្ចសន្ទនាកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងមានការចូលរួមពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនជាច្រើនរូប។
កិច្ចសន្ទនានេះ មានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េសំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះកិច្ចសន្ទនានេះ ហើយថាកិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិនកូរ៉េ សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។
ទន្ទឹមគ្នានេះ លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញក្ដីរីករាយដែលបានសហការរៀបចំកិច្ចសន្ទនានេះក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។ ស្របគ្នានេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនឹងកាន់តែល្អឡើង។
គួរបញ្ជាក់ដែរថា កិច្ចសន្ទនាផ្លូវការនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ៕
- Video Advertisement -