កម្ពុជា-ចិន ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងលើកកម្ពស់វិស័យភស្តុភារកម្ម
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន Zhejiang Seaport Logistics Group Co., LTD. ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។
នេះបើយោងតាមការប្រកាសរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ក្នុងជំនួបជាមួយក្រុមហ៊ុនខាងលើ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តម បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ និងស្វែងយល់ពីសក្តានុពលទីផ្សារក្នុងវិស័យភស្តុភារកម្ម ឱកាសវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើក្រុមហ៊ុន Zhejiang ឱ្យបន្តសហការជាមួយជំនាញបច្ចេកទេសរបស់ក្រសួង ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែរីកចម្រើនផងដែរ។
ទន្ទឹមគ្នានេះដែរ ក្រសួងសាធារណការ ក៏បានរំលេចពីទិសដៅគោលនយោបាយ និងផែនការអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែកម្ពុជាជាប្រទេសមានចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ក៏មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ សម្រាប់ការអភិវឌ្ឍគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក និងជាពិសេសការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេអភិវឌ្ឍន៍ផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។
ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម កាលពីថ្ងៃទី២០ ខែកុម្ភៈ ធ្លាប់បានឱ្យដឹងថា ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកប្រភពហិរញ្ញវត្ថុប្រមាណជិត ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន១៧៤គម្រោង។
ភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិននេះ ត្រូវបានគេរំពឹងថាមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវវិស័យភ័ស្តុភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ប្រទេស និងការតភ្ជាប់ក្នុងតំបន់ផងដែរ។
- Video Advertisement -