កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការ លើគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាផ្លូវការ រវាង រដ្ឋ និងឯកជន ដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។
នេះបើយោងតាម ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ
ជាមួយគ្នានេះដែរ ក្រសួងសាធារណការបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។
ក្រសួងបន្តថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារ និងរយៈពេលសាងសង់ ០៤ឆ្នាំ។ (អានបន្ថែម)
ដោយឡែកការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គវិញ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ គឺត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវនេះ។
គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕(អានបន្ថែម)
- Video Advertisement -