កម្ពុជា-ចិន ឯកភាពគ្នាពង្រីកវិស័យកសិ-ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន
គណៈប្រតិភូខេត្តយូណាន នៃប្រទេសចិន បានឯកភាពលើសំណើរបស់ក្រសួងកសិកម្ម ដែលនឹងអាចពង្រីកកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Wang Xiangang អនុលេខានៃក្រុមថ្នាក់ដឹកនាំបក្សនៃរដ្ឋាភិបាលខេត្តយូណាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Wang Xiangang បានឱ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកទី១ នេះ គឺមានគោលបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងខេត្តយូណាន។ ទន្ទឹមគ្នានេះ លោក ក៏បានបង្ហាញជំហរគាំទ្រ និងឯកភាពលើសំណើរបស់ក្រសួងកសិកម្ម ដែលនឹងអាចពង្រីកកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានឱ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងបានបញ្ជាក់ពីសមិទ្ធផលកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងចិន ជាពិសេសជាមួយខេត្តយូណាន និងបានគូសបញ្ជាក់ពីលទ្ធភាពពង្រីកកសិ-ពាណិជ្ជកម្ម និងការស្រាវជ្រាវលើវិស័យកសិកម្ម។ ឯកឧត្តម ក៏ស្នើគណៈប្រតិភូខេត្តយូណានកៀរគរវិនិយោគិនចិនពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃ និងនាំចេញកសិផលសក្តានុពលទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ តាមរយៈក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ពាណិជ្ជកម្មសេរីទ្វេភាគី និងក្របខណ្ឌច្រករបៀងមច្ឆា និងអង្ករជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើគណៈប្រតិភូខេត្តយូណានគាំទ្រលើការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ប្រទេសចិន តាមរយៈផ្លូវគោក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ គឺ ចិន ដែលមានទុនវិនិយោគរជាង ៥២%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ (អានបន្ថែម)
- Video Advertisement -