កម្ពុជា-ជប៉ុន ជំរុញសហប្រតិបត្តិការរួមគ្នាដើម្បីពង្រឹងជំនាញវិស្វករក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបមួយជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណាលទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យបានច្រើន សំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro បានវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា។

