កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកៀគរវិនិយោគិនជប៉ុនវិនិយោគលើការផលិតប្លាស្ទិកចេញពីដំឡូងមីកម្ពុជា
ក្នុងការផ្លាស់ប្តូរដ៏សំខាន់ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា និងជប៉ុន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់បរិស្ថាន ជាពិសេសផ្តោតលើការទាក់ទាញវិនិយោគិនជប៉ុនសម្រាប់ការផលិតប្លាស្ទិកចេញពីដំឡូងមីនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ASAO Keiichiro បានរំលឹកអំពីកិច្ចសហប្រតិបត្តិកាដ៏ល្អ រវាងក្រសួងបរិស្ថានជប៉ុន ជាមួយក្រសួងបរិស្ថានកម្ពុជា លើការរៀបចំសិក្ខាសាលាលើកទី២២ ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG) នៅអាស៊ី (WGIA22)” ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ប្រទេសទាំង២ កម្ពុជា-ជប៉ុន និងការចុះហត្ថលេខាលើលិខិតនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅក្រោមរបាយការតម្លាភាពពីរឆ្នាំម្តង នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងកម្រិតអនុសារណៈនៃការយោគយល់គ្នា (MoU) លើគ្រប់ផ្នែករួមទាំងវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម្រាប់កិច្ចការពារបរិស្ថានក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងនេះរួមមាន ការពង្រឹងយន្តការនៃកាអុនវត្តឥណទានកាបូនរួមគ្នា រថយន្តអគ្គិសនី ការកាត់បន្ថយសំណល់ប្លាស្ទិកហូរចូលសមុទ្រ និងការស្វែងរកដៃគូវិនិយោគលើការផលិតប្លាស្ទិក ដែលអាចបំបែកធាតុចេញពីដំឡូងមីរបស់កម្ពុជា។
គំនិតផ្តួចផ្តើមនេះមិនត្រឹមតែមានគោលបំណងជំរុញសេដ្ឋកិច្ចបៃតងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ទីតាំងប្រទេសទាំងពីរនៅជួរមុខនៃការអនុវត្តប្រកបដោយនិរន្តរភាព ដែលដោះស្រាយបញ្ហាប្រឈមបរិស្ថានជាសកលផងដែរ។
- Video Advertisement -