កម្ពុជា-ជប៉ុន រួមគ្នាគ្រប់គ្រងទីលានទុកដាក់សំរាមកម្រិតតំបន់ក្នុងរាជធានីភ្នំពេញ
ក្រសួងបរិស្ថាន បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដើម្បីឆ្ពោះទៅរកការអនុវត្តរួមគ្នានូវគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ពិធីចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។
តាមរយៈគម្រោងនេះ អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការកសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។
គួររំលឹកថា ក្រសួងបរិស្ថាន ធ្លាប់ឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា បានបង្កើតកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំៗ។ ក្រសួងជឿថាការបង្កើនកិច្ចខិតខំប្រឹងប្រែងនានា នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការពារធនធានរបស់ភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕ (អានបន្ថែម)
- Video Advertisement -