កម្ពុជា-ជប៉ុន រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។
នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។
ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ (អានបន្ថែម)
យ៉ាងណាមិញ សម្តេចធិបតី ក៏ធ្លាប់បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ហើយកម្ពុជានៅតែស្វាគមន៍កិច្ចប្រតិបត្តិការវិនយោគពីបណ្តាប្រទេសនានាលើដំណាំប្រភេទនេះ ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត៕


- Video Advertisement -