កម្ពុជា និង ប៊ុលហ្ការី ប្តេជ្ញាពង្រឹងទំនាក់ទំនង តាមរយៈពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី លោក Rumen Radev ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារី បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងប៊ុលហ្គារី ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រគល់សារតាំង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនប្រធានាធិបតី ប៊ុលហ្ការី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ លោកប្រធានាធិបតី Radev បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រីកកិច្ចសន្ទនានយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងការអប់រំ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី បានបញ្ជាក់បន្ថែមថា កម្ពុជាក៏នៅតែបន្តរក្សាជំហរ ក្នុងការសហការរៀបចំ និងផ្សព្វផ្សាយពីវប្បធម៌ផ្សេងៗរបស់ប៊ុលហ្ការី ទៅកាន់កម្ពុជា ក្នុងន័យជំរុញរឹតចំណងមិត្តភាពបន្ថែម រវាងប្រជាជាតិទាំងពីរ ឱ្យរឹតតែរឹងមាំ សម្រាប់អនាគតរួមផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការទូតប្រកបដោយប្រសិទ្ធភាព ដែលវានឹងក្លាយជាស្ពាននៃការទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដែលនឹងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងផងដែរ។
គួរបញ្ជាក់ថា ក្រៅពីប្តេជ្ញាជំរុញពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា លោកប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ក៏បានបង្ហាញនូវផែនការទទួលនិស្សិតកម្ពុជា ឱ្យមករៀននៅប៊ុលហ្គារីឱ្យបានរិតតែច្រើនបន្ថែមទៀតដែរ។
នៅពេលដែលប្រទេសទាំងពីរសម្លឹងឆ្ពោះទៅអនាគត ការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការយល់ដឹងអំពីវប្បធម៌ ជាសញ្ញាបង្ហាញពីយុគសម័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ប៊ុលហ្គារី និងកម្ពុជា៕
- Video Advertisement -