កម្ពុជា-វៀតណាមសហការគ្នាលើចំនុចសំខាន់ៗ៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានពិភាក្សាលើការងារសំខាន់ៗចំនួន​ ០៥ ដើម្បីពង្រឹងវិស័យហេដ្ឋា​រចនា​សម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។ នេះបើយោងតា​មកិច្ចប្រជុំ​ទ្វេភាគីរវា​ង​រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីរីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀត​ណា​ម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។​

ចំណុចសំខាន់ៗពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលបានពិភាក្សា រួមមាន៖

១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីប្រភេទ និង​បរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធី​សារ​ស្ដីពី​ការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីររំពឹងថា នឹងមានចំនួននយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។

២).ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ និ​ង​ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏កំពុង​ពិនិត្យរៀប​ចំ​ការងារច្រ​ក​ទ្វា​រ​ព្រំដែ​នបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារ​ឡើងវិញ​ផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥​គ.ម តភ្ជាប់​ពីផ្លូវ​ជាតិ​លេ​ខ​១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែន និង​ច្រក​ទ្វារព្រំ​ដែនជ្រៃធំ-ខាញ់ប៊ីញ ដែ​ល​​​គ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្ប​ទានរបស់​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី​(ADB)។ ចំពោះ​បញ្ហាក​ក​ស្ទះ​នៅ​​ចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រម​ដោះ​ស្រាយ​បញ្ហាកកស្ទះនេះ ដោយ​នឹង​ធ្វើ​​ការ​ពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ ៤គន្លង។

៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀត​ណាម​បញ្ជាក់​ឱ្យ​បានច្បា​ស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿ​នលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការត​ភ្ជាប់​ជាមួយ​​ផ្លូវល្បឿ​នលឿន(ភ្នំពេញ-បាវិត) របស់កម្ពុជា។ ​ភាគីវៀតណាម បានសន្យានឹងផ្តល់ព័ត៌មា​នជាក់លាក់​ក្រោយ​ក្រុមកា​រងារបច្ចេ​កទេសបញ្ចប់នីតិវិធីការងាររៀបចំ។

៤).ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុន​មីង​ (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។ ជាមួយគ្នានេះ ភាគី​ទាំងពីរបានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សា​រក​​ចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។

៥).ការងារដឹកជញ្ជូនតាមផ្លូវទឹក ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម ពិនិត្យ និងសម្រួលលើបញ្ហា​នីតិវិធីនៃលំហូរឯ​ក​សា​រឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ នៅចំណុចច្រកទ្វារព្រំដែនក្អមសំណ(កម្ពុជា)។ ភាគីវៀត​ណាម បា​ន​យល់​ព្រម​សម្រួលការងា​រនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួនឱ្យបានឆាប់បំផុត។

ភាគីទាំងពីរ បានចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែដើរតួនាទីសំ​ខាន់ក្នុងការលើ​កកម្ពស់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]