កម្ពុជា-វៀតណាម កំពុងពន្លឿនការងារបើកដំណើរការច្រកព្រំដែនឡើងវិញ
កម្ពុជា-វៀតណាម កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានប្រជុំពិភាក្សាការងាររួមគ្នា ដើម្បីពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក ពិសេសឈានទៅបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញឆាប់ៗនេះ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងហើយ បន្ទាប់ពីកម្ពុជាមានស្ថានភាពធូរស្រាលកូវីដ-១៩»។
«ហេតុនេះ រដ្ឋាភិបាលកម្ពុជា ក៏បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ»។
ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានសាទរដល់កម្ពុជាចំពោះស្ថានភាពធូរស្រាលកូវីដ-១៩។ ឯកឧត្តម ក៏បានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ។
គួរបញ្ជាក់ថា ភាគីទាំងពីរ មិនទាន់បញ្ជាក់ច្បាស់ពីឈ្មោះច្រកព្រំដែនដែលនឹងត្រូវបើកឡើងវិញនោះឡើយ។
ក្រៅពីច្រកព្រំដែនវៀតណាម កម្ពុជា និងថៃ ក៏គ្រោងនឹងបើកច្រកព្រំដែន ៤ កន្លែង ឡើងវិញផងដែរ រួមមាន ច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។ (អានបន្ថែម)

