កម្ពុជា វៀតណាម ថៃ ឡាវ ព្រមព្រៀងគ្នាលើឯកសារសំខាន់២ ទាក់ទិននឹងសំណង់វារីអគ្គីសនី
គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទិ ៤ តុលា កន្លងមកនេះ បានអនុម័តលើឯកសារសំខាន់២ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ ទាក់ទិននឹងការគ្រប់គ្រងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គីសនីក្នុងតំបន់។
ឯកសារទី ១ គឺ គោលការណ៍ណែនាំសម្រាប់ការរចនាគម្រោងវារីអគ្គិសនី ឬ Preliminary Design Guidance (PDG) ដែលត្រូវបានកែសម្រួលឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមទន្លេមេគង្គ។
ដោយឡែក ឯកសារទី 2 គឺការយល់ព្រមលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន Guideline on Transboundary Environmental Impact Assessment (TbEIA) ផងដែរ។
កិច្ចព្រមព្រៀង TbEIA នឹងត្រូវបានសាកល្បង និងអនុវត្តដោយប្រទេស និងអ្នកអភិវឌ្ឍន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់ MRC ។
TbEIA វាស់វែង ពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកធំៗផ្សេងទៀត ដូចជាការបង្វែរប្រព័ន្ធធារាសាស្ត្រ ការធ្វើនាវាចរលំហូរទឹក ការដឹកជញ្ជូនដីល្បាប់ និងគម្រោងជលផល ដែលសុទ្ធចឹងតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងសហគមន៍។
ប្រធាន MRC បណ្ឌិត Anoulak Kittikhoun ថា៖ «នេះគឺជារបកគំហើញជាប្រវត្តិសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ MRC បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនឆ្នាំ។ គោលការណ៍ណែនាំទាំង ២ នេះ ចង្អុលបង្ហាញយ៉ាងច្បាស់អំពីអ្វីដែលត្រូវធ្វើក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានឆ្លងព្រំដែន» ។
«ឯកសារណែនាំទាំង ២ នឹង ប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រទេសសមាជិក និង សហគមន៍មូលដ្ឋាន»។

