កម្ពុជា World Bank​ ពិភាក្សារៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅកិច្ចប្រជុំ រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ WB មកពីទីស្នាក់ការកណ្តាលទីក្រុងវ៉ាស៊ីងតោន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងជំនួបខាលើនេះ ឯកឧត្តមមានប្រសាសន៍ថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា​ ដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងភាពរស់រវើក។

តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែរស់រវើក និងមានប្រសិទ្ធភាព គឺដើម្បីទាក់ទាញវិនិយោគ ដែលនឹងប្តូរទីតាំងចេញពីប្រទេសចិន សម្រាប់ជំរុញការធ្វើពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងរយៈពេលខ្លី និងមធ្យម និងរយៈពេលវែង។

ក្នុងជំនួបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ឯកភាពគ្នាបន្តធ្វើសិក្សាស៊ីជម្រៅលើចំណុចមួយចំនួនទៀត ដើម្បីធ្វើឱ្យឯកសារយុទ្ធសាស្រ្តដ៏សំខាន់នេះ ក្លាយជារបៀបវារៈនៃការកែទម្រង់ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការទាក់ទាញការវិនិយោគ និងធុរកិច្ចពីខាងក្រៅ៕

- Video Advertisement -