ការជួសជុលស៊ីជម្រៅកំណាត់ផ្លូវកំពត-វាលរេញគ្រោងចំណាយ ៦០លានដុល្លារ

ការសិក្សាផែនការជួសជុលបែបទ្រង់ទ្រាយធំ នៃកំណាត់ផ្លូវកំពត-វាលរេញដែលមានស្រទាប់ក្រោមគឺជាដីស្អុយជួសជុលហើយជាប់មិនបានយូរ គ្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២១ នេះ ដោយការដ្ឋានស្ដារឡើងវិញទាំងស្រុងនេះ អាចនឹងចំណាយប្រមាណ ៦០ លានដុល្លារ។

នេះបើយោងតាមកិច្ចចុះត្រួតពិនិត្យផ្លូវរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ។

កំណាត់ផ្លូវនេះ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដែលត្រូវជួសជុលជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចំណាយប្រមាណ១៥,៨៥ លានដុល្លារអាមេរិក។ ជាក់ស្ដែង ការជួសជុលសម្រេចស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែដោយសារតែទឹកជំនន់ កំណាត់ប្រវែង ២០គម ដែលមានគ្រឹះជាដីស្អុយ បែរជាខូចខាតទាំងស្រុងទៅវិញ។ (អានបន្ថែម និង បន្ថែម)

ដូច្នេះក្រសួង ក៏បានឱ្យអ្នកជំនាញឯកជនធ្វើការសិក្សាពីផែនការជួសជុលបែបស៊ីជម្រៅលើកំណាត់ផ្លូវ ២០គម នេះ។ លទ្ធផលសិក្សាបានបង្ហាញថា៖

ផ្នែកទី១ ប្រវែង ១៥គីឡូម៉ែត្រ ស្រទាប់គ្រឹះផ្លូវមានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលកំពុងសាងសង់។ ដូច្នេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B មកសិក្សាលម្អិតលើបច្ចេកទេសបាន។ កំណាត់នេះនឹងក្រាលបេតុងកម្រាស់២៦សម និងទទឹង១២ម ដែលអាចនឹងចំណាយថវិកា ៣០លានដុល្លារ។

ផ្នែកទី២ ប្រវែង ៥គីឡូម៉ែត្រ មានដីស្អុយនៅខាងក្រោមផ្លូវជម្រៅពី១១ម ទៅ ១៧ម ហើយអ្នកជំនាញកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម។ ផ្ទៃថ្នល់នឹងក្រាលបេតុងកម្រាស់២៦សម និងទទឹង១៦ម ដោយគ្រោងចំណាយ៣០លានដុល្លារ។

ខណៈរង់ចាំការសិក្សាចប់នៅចុងឆ្នាំ ក្រសួងក៏កំពុងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារនេះ ផងដែរ។

ក្រៅពីបង្ហាញពីការសិក្សានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថាការស្ដារផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) សម្រេចបាន ៩៨,០៤% ហើយ ខណៈក៏បានចុះពិនិត្យផ្លូវជាតិលេខ ៣១ ៣៣ និង៤១ ផងដែរ។

- Video Advertisement -