ការធ្លាក់ចុះភ្ញៀវទេសចរចិនប៉ះពាល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ខណៈកម្ពុជាមើលឃើញពីកំណើនទេសចរណ៍ចិន
ការថយចុះនៃភ្ញៀវទេសចរចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលរារាំងផែនការស្តារសេដ្ឋកិច្ច Covid របស់ប្រទេសទាំងនេះ។ ការស្ទុះងើបសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន បានធ្វើឱ្យប្រជាជនរបស់ខ្លួនកាន់តែស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅស្រុក។ ទិន្នន័យផ្លូវការដែលចងក្រងដោយសារព័ត៌មាន Bloomberg News បង្ហាញថា ការមកដល់របស់ជនជាតិចិននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ មានការប្រែប្រួលចន្លោះពី ១៤% ទៅ ៣៩% នៅក្នុងខែឧសភា បើធៀបទៅនឹងតួលេខកាលពីមុនការរាតត្បាតឆ្នាំ ២០១៩។
ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ដូចជាថៃដែលគេស្គាល់ថាជាប្រទេសពឹងផ្អែកជាចម្បងលើវិស័យទេសចរណ៍ កំពុងមើលឃើញពីការស្ទុះងើបឡើងវិញនៃតម្រូវការធ្វើដំណើរបន្ទាប់ពីជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ភ្ញៀវចិនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះតិចជាងគោលដៅចំនួន ៧លាននាក់សម្រាប់ឆ្នាំ ២០២៣ យ៉ាងហោចណាស់ពីរលាននាក់។ កោះបាលី ដែលជាគោលដៅវិស្សមកាលដ៏ពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការសម្រាប់សណ្ឋាគារប្រណីតក្នុងអំឡុងពេលខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៣នេះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន។ ប្រទេសសិង្ហបុរីដែលជាប្រទេសមួយល្បីថាមានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ក្រោយវិបត្តិសេដ្ឋកិច្ច ក៏បានឃើញចំនួនដ៏គួរឱ្យខកចិត្តនេះផងដែរ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចិនចាប់ពីខែមករា ដល់ខែឧសភា មានចំនួនសរុបត្រឹមតែ ៣១០.៩០១ ធៀបនឹង ១, ៥៥ លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
ការធ្លាក់ចុះនៃភ្ញៀវទេសចរចិននេះ បង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំនេះ អាចនឹងមានដំណើរការយឺតជាងមុន។ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងជាសាកល និងសន្ទុះកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិន រួមចំណែកដល់ចក្ខុវិស័យកំណើនធ្លាក់ចុះសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
ខណៈពេលដែលប្រទេសមួយចំនួនដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានជួបប្រទះនឹងការធ្លាក់ចុះនៃចំនួនអ្នកទេសចរចិន ប្រទេសកម្ពុជាបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវមកពីប្រទេសចិន។ ក្រសួងទេសចរណ៍នៅកម្ពុជា ព្យាករថានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរចិន ដោយកំណត់គោលដៅភ្ញៀវទេសចរចិនរហូតដល់ ១លាននាក់ក្នុងឆ្នាំ ២០១៣ បើធៀបនឹងត្រឹមតែ ១០៦.៨៧៥ នាក់ក្នុងឆ្នាំ ២០២២ (ទិន្នន័យចេញផ្សាយដោយក្រសួងទេសចរណ៍ខែកុម្ភៈ២០២៣)។ ការកើនឡើងដែលរំពឹងទុកនេះអាចបណ្តាលមកពីកត្តាជាច្រើន។
ទីមួយ កម្ពុជាបានបន្តការហោះហើរត្រង់ពីប្រទេសចិនឡើងវិញជាបណ្តើរៗ បន្ទាប់ពីការធ្វើឱ្យប្រសើរនៃយុទ្ធសាស្រ្តប្រឆាំងជំងឺកូវីដ-១៩ របស់ចិន។ ការបន្តជើងហោះហើរត្រង់នេះ បានជួយសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែងាយស្រួល និងបានរួមចំណែកដល់ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា។ យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា នាពេលបច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានជើងហោះហើរជាមធ្យម ២៥០ ជើងក្នុងមួយសប្តាហ៍ និងជាមធ្យមចន្លោះពី ១.៧០០ -១.៨០០ ភ្ញៀវទេសចរអន្តរជាតិក្នុងមួយថ្ងៃ។
ទីពីរ មហាសំណង់បុរាណដ៏ល្បីល្បាញរបស់កម្ពុជាក្នុងខេត្តសៀមរាបជាកន្លែងទាក់ទាញភ្ញៀវទេសចរចិនយ៉ាងខ្លាំង។ ក្រសួងទេសចរណ៍រំពឹងថា ជិត ៣០ភាគរយ នៃភ្ញៀវទេសចរណ៍ចិនដែលបានគ្រោងទុកក្នុងឆ្នាំ២០២៣ នឹងមកទស្សនាឧទ្យានជាតិអង្គរ។ ចំនួនភ្ញៀវទេសចរចិនទាបក្នុងឆ្នាំ២០២២ បង្ហាញពីសក្តានុពលសម្រាប់កំណើនទេសចរណ៍ដែលនឹងមានការកើនឡើងនៅឆ្នាំនេះ និងឆ្នាំបន្ទាប់។
លើសពីនេះ ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារគោលដៅរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកតែលើភ្ញៀវទេសចរចិន បានទទួលជោគជ័យ។ តាមរយៈការទាក់ទាញភ្ញៀវមកពីប្រទេសជាច្រើន កម្ពុជាអាចកាត់បន្ថយផលប៉ះពាល់នៃការថយចុះនៃភ្ញៀវទេសចរចិនមកលើឧស្សាហកម្មទេសចរណ៍របស់ខ្លួន។
ការប៉ាន់ប្រមាណជាផ្លូវការសម្រាប់ចំនួនភ្ញៀវអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ ២០២៣ មានចំនួន ៤លាននាក់ ក្នុងនោះពី ០,៨-១,០ លាននាក់ដែលរំពឹងថានឹងមកពីប្រទេសចិនដីគោក នេះបើយោងតាមឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍កាសែតភ្នំពេញបុស្តិ៍កាលពីខែមីនា ឆ្នាំ ២០២៣។
ខណៈពេលដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍បន្តប្រឈមមុខនឹងបញ្ហាក្នុងការស្ដារឡើងវិញនូវវិស័យទេសចរណ៍របស់ពួកគេ ដោយសារចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះ យុទ្ធសាស្ត្រ និងគោលដៅទាក់ទាញរបស់កម្ពុជាបានរួមចំណែកដល់កំណើនវិជ្ជមានរបស់ខ្លួនក្នុងវិស័យនេះ៕
- Video Advertisement -