ការបិទល្បែង Onlineធ្វើឲ្យធ្លាក់ចុះសកម្មភាពអចលនទ្រព្យក្នុងខេត្តព្រះសីហនុប៉ុន្តែឱកាសថ្មីនឹងកើតឡើង

ការបិទល្បែង Onlineកាលពីពេលថ្មីៗនេះ បានបណ្តាលឱ្យជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុដែលធ្លាប់តែមានភាពមមាញឹក ខណៈសកម្មភាពអចលនទ្រព្យក៏បានរងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ថាការផ្លាស់ប្តូរនេះ នឹងបង្កើតឱកាសថ្មីសម្រាប់ឧស្សាហកម្មមួយនេះ។

ថ្លែងក្នុងកម្មវិធីស្តីពីការប្រែប្រួលទីផ្សារអចលនទ្រព្យដែលធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា គោលនយោបាយបិទល្បែង Online នាពេលថ្មីៗនេះ បានប៉ះពាល់តិចតួចដល់តម្លៃដីធ្លី និង សកម្មភាពអភិវឌ្ឍន៍ផ្សេងទៀតនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែ លោកយល់ថា ការប្រែប្រួលនេះក៏ជាការកែតម្រូវទីផ្សារដ៏ល្អសំរាប់ខេត្តមួយនេះផងដែរ។

លោកបានមានប្រសាសន៍ថា៖« សកម្មភាពអចលនទ្រព្យមើលទៅដូចជាធ្លាក់ចុះបន្តិច យើងឃើញថាការលក់ដីគឺតិចជាងអ្វីដែលយើងបានឃើញនាពេលកន្លងមក…ប៉ុន្តែវាក៏ផ្តល់នូវឱកាសដ៏រឹងមាំក្នុងការផ្លាស់ប្តូរ ដូច្នេះវាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ទីផ្សារនេះ» ។

លោក James បានបន្ថែមទៀតថា ជាមួយនឹងការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល ដូចជាការពង្រីកអាកាសយានដ្ឋាន គឺនឹងផ្តល់ផលវិជ្ជមានដល់ទីផ្សារមួយនេះ។

ជាក់ស្តែង រដ្ឋាភិបាលកំពុងត្រៀមចាប់ផ្តើមសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តនេះ ដោយប្រើប្រាស់ថវិកា ១០០ លានដុល្លារអាមេរិក ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់ក៏ជាអាទិភាពរបស់រដ្ឋាភិបាលផងដែរ។

ទាក់ទងទៅនឹងការចាក់ចេញនៃជនជាតិចិននេះដែរ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Muhibbah Engineering (កម្ពុជា) កន្លងមកបានឲ្យដឹងដែរថា ការប្រែប្រួលនេះអាចមានការប៉ះពាល់ខ្លះដែរដល់ខេត្តព្រះសីហនុ តែវាក៏មានចំណុចល្អផងដែរ។

លោកឧកញ៉ាថ្លែងថា៖ «ដោយសារគោលនយោបាយប្រទេសជាតិយើងមានការប្រែប្រួល ហើយអាចមានការប៉ះពាល់ខ្លះ តែវាជាការល្អមួយដែរ រដ្ឋាភិបាលត្រៀមខ្លួនឲ្យបានល្អដើម្បីឲ្យអ្នកដែលធ្វើខុសច្បាប់ចាក់ចេញ ហើយអ្នកល្អនៅ អាចជាការល្អមួយដែរ»។

លោកឧកញ៉ាបន្តទៀតថា ៖«ហើយខ្ញុំជឿថាពីឥឡូវទៅក្នុង ៥ ឆ្នាំ សំណង់យើងនៅតែមានសេចក្តីត្រូវការច្រើន ជាពិសេស នៅកំពង់សោម»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្កានុពលនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា» ឯកឧត្តម ជាវុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ ហៅកាត់ថា CDC បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងរៀបចំសិក្ខាសាលាដ៏ធំមួយនៅខែធ្នូខាងមុខនេះ ស្តីពីការវិនិយោគទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងគោលបំណងទាក់ទាញ ការវិនិយោគបន្ថែមទៀត។

- Video Advertisement -