ការវិនិយោគអចលនទ្រព្យនៅទីផ្សារអន្តរជាតិ

ជាទូទៅ គំនិតនៃការវិនិយោគអចលនទ្រព្យនៅបរទេសមិនមែនជារឿងថ្មីនោះទេ និងនៅតែជាចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកមានស្តុកស្តមមួយចំនួននៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើមូលហេតុមួយចំនួនដូចជា ប្រព័ន្ធអប់រំមានស្តង់ដាខ្ពស់ សេវាដឹកជញ្ជូនសាធារណៈល្អ ជាតំបន់ដែលជាគោលដៅទេសចរណ៍ឈានមុខគេ ឋិតក្នុងតំបន់ដែលមានអាកាសធាតុនិងម៉ោងពេលដែលមនុស្សភាគច្រើនចូលចិត្ត ប្រព័ន្ធច្បាប់ល្អ ជាពិសេសមានសុខសុវត្ថិភាព។ល។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា លំនឹងទីផ្សារអចលនទ្រព្យ និងភាពរឹងមាំនៃតម្រូវការជួលនៅទីនោះ គឺជាហេតុផលដ៏សំខាន់មួយដែលធ្វើឱ្យអ្នកទិញអចលនទ្រព្យភាគច្រើនកំពុងស្វែងរការវិនិយោគនៅបរទេស។

ដោយឡែកនៅប្រទេសអូស្រ្តាលីតម្រូវការអចលនទ្រព្យនៅតាមទីក្រុងមូយចំនួនដូចជា ទីក្រុង Melbourne គឺតម្រូវការមានអាត្រាខ្ពស់ជាងការផ្គត់ផ្គង់ ដោយកើនរហូតដល់ ៥% ក្នុងមួយឆ្នាំ ជាពិសេសនៅតាមតំបន់សំខាន់ៗមួយចំនួន។ សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយចំនួនទៀតដូចជា Brisbane, Melbourne និង​ Sydney បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ និងមានភាពល្អប្រសើរខ្លាំង  ដែលនេះជាហេតុធ្វើឲ្យអ្នកវិនិយោគមួយចំនួនមានទំនុកចិត្ត។ ក្នុងនោះផងដែរ ទីក្រុង Melbourne បានបង្ហាញពីភាពលេចល្លោលើវិស័យអចលនទ្រព្យនៅឆ្នាំនេះ ដែលបានទាក់ទាញអ្នកវិនិយោគជាច្រើនទៅក្នុងតំបន់ ដោយផ្អែកលើមូលដ្ឋាន សេវាសាធារណៈផ្សេងៗល្អ ដូចជាមធ្យោបាយធ្វើដំណើរស្ថិតនៅជិតសាលារៀន និង សាកលវិទ្យាល័យធំៗ។

កត្តាដែលសំខាន់បំផុតក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេសដូចជា អូស្ត្រាលី​ សឹង្ហបូរី ឬចក្រភពអង់គ្លេស គឺដើម្បីផ្តល់ជាកន្លែងស្នាក់នៅសម្រាប់កូនៗ របស់ពួកគេដែលកំពុងសិក្សានៅទីនោះ។ បើយោងតាម the Times Higher Education ដែលហៅកាត់ថា (THE)​ របស់សកលវិទ្យាល័យពិភពលោកមួយបានបង្ហាញថា សកលវិទ្យាល័យដែលពួកគេកំពុងសិក្សានោះគឺសុទ្ធតែជាសកលវិទ្យាល័យស្ថិតក្នុងលំដាប់ល្អបំផុតលើពិភពលោក ហើយសម្រាប់ខាងសកលវិទ្យាល័យវិញ ពួកគេមិនខ្វល់ទេថា និសិ្សតទាំងនោះមានប្រភពមកពីណា ឬប្រវត្តិបែបណានោះទេ ហើយភាគច្រើននិសិ្សតទាំងនោះមកពីបណ្តាប្រទេសអាស៊ាន។ ម្យ៉ាងទៀត ក្នុងមួយឆ្នាំៗ សកលវិទ្យាល័យប្រភេទនេះនៅតែបន្តកើនឡើងជានិច្ច។

លើសពីនេះទៅទៀត ឪពុកម្តាយភាគច្រើនចង់ឲ្យអនាគតកូនៗរបស់ពួកគេល្អ ទទួលបានការអប់រំខ្ពស់ និងសាលារៀនល្អបំផុត ដូច្នេះហើយពួកគេក៏សម្រេចចិត្តធ្វើការវិនិយោគទាំងពេលវេលា និងទ្រព្យសម្បិត្តិ ដោយជ្រើសរើសរកកន្លែងស្នាក់នៅដែលល្អបំផុតសម្រាប់ការរស់នៅទីនោះដើម្បីធានាឲ្យបានថាកូនៗរបស់ពួកគេទទួលបានសុខសុវត្ថិភាពដ៏ល្អបំផុតក្នុងអំឡុងពេលសិក្សានៅបរទេស។ សម្រាប់ទីផ្សារជួលអចលនទ្រព្យនៅទីនោះក៏ថ្លៃខ្លាំងណាស់ដែរ ទើបជាបញ្ហាដែលឪពុកម្តាយមួយចំនួនសម្រេចចិត្តចំណាយប្រាក់បន្ថែមលើការទិញអចលនទ្រព្យជំនួសឱ្យការជួលវិញ។

សម្រាប់អ្នកដែលទិញអចលនទ្រព្យនៅក្រៅប្រទេស ពួកគេក៏អាចធ្វើការជួល ឬ លក់ចេញវិញបន្ទាប់ពីកូនៗរបស់ពួកគេបញ្ចប់ការសិក្សា ហើយត្រូវត្រឡប់មកស្រុកកំណើតវិញ។ ម្យ៉ាងទៀតតម្លៃអចលនទ្រព្យទាំងនោះក៏ហក់ឡើងខ្ពស់ជាងមុនដែលអាចធ្វើឱ្យពួកគេចំណេញច្រើនថែមទៀតផង។ ហេតុផលទាំងអស់នះហើយគឺជាចំណែកមួយសម្រាប់អ្នកអភិវឌ្ឍន៍មានភាពជឿជាក់ខ្លាំងក្នុងការពង្រីកបន្ថែមលើគម្រោងអភិវឌ្ឍន៍របស់ពួកទៅពេលអនាគត ដើម្បីទាក់ទាញអ្នកមានលទ្ធភាពខ្ពស់ក្នុងការទិញអចលនទ្រព្យអន្តរជាតិ ជាពិសេសគឺមកពីតំបន់អាស៊ី។ សម្រាប់ទីផ្សារអចលនទ្រព្យនៅចក្រភពអង់គ្លេសវិញ មានការប្រែប្រួលខ្លាំងលើបញ្ហាសេដ្ឋកិច្ច ក្រោយការដកខ្លួនចេញពីសហគមអ៊ឺរ៉ុប ដូច្នេះរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តឲ្យមានវិនិយោគិនបន្ថែមទៀតនៅក្នុងប្រទេសរបស់ខ្លួន។ គួរបញ្ចាក់ផងដែរ ដោយសារទស្សនវិស័យនៃការវិនិយោគនៅតែបន្ត និងមានភាពប្រសើរឡើងដូច្នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុតក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេស ដើម្បីទទួលបានតម្លៃដ៏ប្រសើរនៅពេលអនាគត។​ ទោះយ៉ាងណា ដើម្បីធ្វើឱ្យដំណើរការនៃការទិញកាន់តែមានប្រសិទ្ធភាពខ្ពស់ អ្នកទិញគួរពិគ្រោះជាមួយអ្នកជំនាញអចលនទ្រព្យមុនពេលធ្វើការសម្រេចចិត្តទិញ៕

Big Ben, London
Big Ben, London
Brisbane
Brisbane
Melbourne
Melbourne

 

 

- Video Advertisement -