ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបគំរូដោយ Wikimedia
ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលអភិបាលខេត្តកំពតបានលើកឡើងកាលពីពេលថ្មីៗនេះគឺនឹងត្រូវចំណាយទុនវិនិយោគច្រើនជាង៥០លានដុល្លារអាមេរិក នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យ យើងខ្ញុំថា៖ «ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជាមធ្យមនឹងត្រូវចំណាយថវិការពីចន្លោះ ៧ ទៅ ៨ លានដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ ដូច្នេះហើយគម្រោងទុនវិនិយោគសម្រាប់ផ្លូវរថភ្លើងល្បឿនលឿននេះគឺតិចពេកហើយ»។
ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងបន្ទាប់ពីមានព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានប្រកាសគម្រោងបង្កើតមូលនិធិវិនិយោគរួមមួយដែលចែកចេញជាហ៊ុនចំនួន១០០០ហ៊ុនដោយមួយហ៊ុនៗគឺមានតម្លៃ៥ម៉ឺនដុល្លារសរុបគឺ៥០លានដុល្លារសម្រាប់គម្រោងសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ-កំពត។
ដោយពុំបានដឹងអំពីទីតាំងច្បាស់លាស់នៃគម្រោងសាងសង់ខាងលើ ឯកឧត្តម វ៉ាស៊ឹម សូរិយា យល់ថា បើគម្រោងផ្លូវរថភ្លើងនេះសាងសង់ទៅលើផ្លូវចាស់គឺមិនអាចនោះទេព្រោះបច្ចុប្បន្នរដ្ឋាភិបាលបានធ្វើសម្បទានទៅឲ្យក្រុុមហ៊ុនរ៉ូ យ៉ាល់គ្រុប ហើយបើសង់ទៅលើផ្លូវថ្មីវិញគឺរឹតតែពិបាកទៅទៀត។
យោងតាមនិតិវិធីច្បាប់ដូចដែលឯកឧត្តមបានពន្យល់ គម្រោងសាងសង់ផ្លូវរថភ្លើងនេះគឺនឹងត្រូវឆ្លងកាត់ការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកប្រឹក្សាយោបល់។
សូមបញ្ជាក់ជូនថា ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យ យើងខ្ញុំ បានធ្វើការព្យាយាមទាក់ទង់ទៅ ឯកឧត្តម ជាវ តាយ ដើម្បីស្វែងយល់បន្ថែមទៅលើព័ត៌មានលម្អិតនៃគម្រោងមួយនេះ តែឯកឧត្តមជាប់បំពេញភារកិច្ចហើយមិនបានធ្វើការឆ្លើយតបទាន់ពេលក្នុងអំឡុងពេលនៃការចេញផ្សាយ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងសាធារការ និងដឹងជញ្ជូនរូបនេះបានធ្វើការស្វាគមន៍ជាខ្លាំងទៅលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿនដោយហេតុថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។