ការស្រាវជ្រាវ៖ពីក្រោយការរីកលូតលាស់សំណង់អគារនៅកម្ពុជាគឺជាដំណក់ឈាមមនុស្សរាប់រយនាក់

Photo by Royal Holloway

សន្ទុះខ្លាំងនៃសំណង់អគារដែលបានលេចជារូបរាងឡើងស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជាគឺត្រូវបានសាងសង់ឡើងដោយកម្លាំងពលកម្មទាសករស្ម័គ្រចិត្តហើយការប្រែប្រួលអាកាសធាតុក៏ជាកត្តាសំខាន់មួយដែរដែលជំរុញកម្លាំងពលកម្មទាំងអស់នេះ។

យោងតាមការសិក្សារស្រាវជ្រាវរបស់សាកលវិទ្យាល័យ Royal Holloway របស់ប្រទេសអង់គ្លេសចុះផ្សាយកាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ គ្រួសារជាប់បំណុលរាប់ម៉ឺននាក់នៅកម្ពុជាបាននិងកំពុងបំរើការងារក្នុងរោងចក្រធ្វើឥដ្ឋក្នុងស្ថានភាពគ្រោះថ្នាក់បំផុតដើម្បីបំពេញតម្រូវការឥដ្ឋនៅរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំង។

របាយការណ៍ដែលមានចំណងជើងថា«BLOOD BRICKS: Untold Stories of Modern Slaveryand Climate Change from Cambodia»បានបង្ហាញថា «ការអភិវឌ្ឍន៍ទីក្រុងត្រូវបានកសាងឡើងដោយសារប្រជាកសិករជាច្រើនគ្រួសារបាននិងកំពុងជាប់ក្នុងអន្ទាក់បំណុលក្នុងកម្រិតមួយដែលមិនមានស្ថេរភាពដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសមួយដែលងាយរងគ្រោះពីបំរែបម្រួលអាកាសធាតុបំផុតនៅលើពិភពលោក»។

«បំរែបម្រួលអាកាសធាតុនៅកម្ពុជាទៀតសោធបានប៉ះពាល់យ៉ាងខ្លាំងទៅលើផលិតកម្មកសិកម្មដែលបណ្តាលឲ្យគ្រួសារមកពីភូមិជនបទទូទាំងប្រទេសចាកចេញពីផ្ទះរបស់ពួកគេដើម្បីរស់នៅនិងធ្វើការនៅក្នុងរោងចក្រធ្វើឥដ្ឋទាំងនោះ»។

ដោយហេតុនេះហើយ គ្រួសារកសិករជាច្រើនបានជួបប្រទះបញ្ហាជាប់បំណុលដែលខ្លួនបានខ្ចីសម្រាប់ដោះស្រាយបញ្ហារបស់ខ្លួន។ ជាមួយគ្នានេះដែរ តាមការបញ្ជាក់របស់ Royal Holloway ម្ចាស់រោងចក្រឥដ្ឋបានជួយសងបំណុលរបស់កសិករព្រមទាំងផ្តល់កម្ចីបន្ថែមយ៉ាងច្រើនទៀតផង។

«ជាការតបស្នងវិញកសិករនិងគ្រួសាររបស់ពួកគេត្រូវបានបង្ខំឲ្យចូលបំរើការងារក្នុងរោងចក្រធ្វើឥដ្ឋដើម្បីរំដោះបំណុលទាំងអស់នោះរហូតចប់សបគ្រប់»។ យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា បំណុលជាមធ្យមដែលត្រូវបានយកមកសិក្សាគឺមានចន្លោះពី ១០០ទៅ ៤ ពាន់ដុល្លារអាមេរិកដោយកម្រិតបំណុលជាមធ្យមដែលកម្មករគំរូក្នុងរោងចក្រធ្វើឥដ្ឋបានឆ្លើយគឺចំនួន ៧១២ ដុល្លារអាមេរិកក្នុងចំណោមរោងចក្រធ្វើឥដ្ឋគំរូទាំងអស់។

«កម្មករក្នុងរោងចក្រធ្វើឥដ្ឋបានរាយការណ៍អំពីផលប៉ះពាល់សុខភាពជាច្រើនដូចជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីការហឺតផ្សែងឥដ្ឋដោយសារការមិនមានឧបករណ៍ការពារព្រមទាំងការបាត់បង់អវៈយវៈជើងដែលបង្កឡើងដោយគ្រឿងម៉ាស៊ីនឥដ្ឋមិនមានសុវត្ថិភាព»។

សូមបញ្ជាក់ជូនថា របាយការណ៍នេះធ្វើឡើងក្រោមជំនួយពីរដ្ឋាភិបាលអង់គ្លេសតាមរយៈក្រុមប្រឹក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ចក្រភពអង់គ្លេសនិងមូលនិធិស្រាវជ្រាវអភិវឌ្ឍព្រំដែនសម្រាប់អភិវឌ្ឍអន្តរជាតិឬ ESRC-DFID ។ របាយការណ៍នេះបានគូសបញ្ជាក់រឿងរ៉ាវដែលបានកើតឡើងលើកម្មករចំនួន១០នាក់ព្រមទាំងការស្រាវជ្រាវនិងចុះសិក្សារដោយផ្ទាល់កាលពីខែ កញ្ញា ឆ្នាំ ២០១៧ ដល់ ខែ មេសា ឆ្នាំ ២០១៨។

- Video Advertisement -