កំណត់ហេតុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (កញ្ញា – តុលា ២០១៧)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ជនរងគ្រោះនៅកោះកុង
(ថ្ងៃទី០៤ ខែកញ្ញា) ជម្លោះដីធ្លីនៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង រវាងគ្រួសារដែលរងផលប៉ះពាល់ជាច្រើននិងក្រុមហ៊ុនស្ករឯកជនពីរដែលទទួលបានដីសម្បទានសេដ្ឋកិច្ច គឺក្រុមហ៊ុន Koh Kong Plantation Co., Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd ត្រូវការនូវដំណោះស្រាយ។ ជាមួយនិងដំណោះស្រាយនៃជម្លោះនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អត្តសញ្ញាណដល់ពលរដ្ឋ និងប័ណ្ណកម្មសិទ្ធិដីធ្លីដល់គ្រួសារដែលមានជម្លោះជាមួយក្រុមហ៊ុនឯកជនទាំងពីរ។

ក្រុមហ៊ុនចិនច្រើនឡើងមើលឃើញការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា
(ថ្ងៃទី០៥ ខែកញ្ញា) វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ វិស័យនេះគឺជាសរសរគ្រឹះមួយនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ដោយបានទាក់ទាញវិនិយោគិនបរទេសជាច្រើន។ ចិនគឺជាអ្នកវិនិយោគបរទេសនាំមុខគេនៅក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ ក្រុមហ៊ុន Smart Dragons Group Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មកពី Zhinsland ប្រទេសចិន ទទួលបានការស្វាគមន៍ពីក្រសួងរៀបចំដែនី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាណែនាំអំពីការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសប្រទេសកម្ពុជា។ នៅក្នុងខែមិថុនា ក្រសួងបានស្វាគមន៍ក្រុមប្រឹក្សាពាណិជ្ជកម្មចិន – អាស៊ាន (CABC) ដើម្បីពិភាក្សាអំពីការរីកចម្រើនផ្នែកសំណង់របស់ប្រទេសកម្ពុជា ជាមួយនិងគោលបំណងភ្ជាប់ទំនាក់ទំនងទ្វេភាគី។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជជែកពិភាក្សាជាមួយធនាគារពិភពលោក
(ថ្ងៃទី១៣ ខែកញ្ញា) ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានទទួលស្វាគមន៍មន្រ្តីជាន់ខ្ពស់ពីធនាគារពិភពលោក អ្នកស្រី Ellen A. Goldstein ប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តីក្នុងការពិភាក្សាពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងអំឡុងពេលការផ្លាស់ប្តូរយោបល់ក្នុងកិច្ចពិភាក្សា អ្នកស្រីបានសម្តែងនូវការអបអរចំពោះសេដ្ឋកិច្ចកម្ពុជាដែលរក្សាបាននូវស្ថេរភាពសម្រាប់ឆ្នាំកន្លងមក។

ដំណោះស្រាយជម្លោះដីធ្លីកំពុងដំណើរការ
(ថ្ងៃទី១៨ ខែកញ្ញា) បញ្ហាជម្លោះដីធ្លីទាក់ទងនឹងដីសម្បទានដីសេដ្ឋកិច្ច (ELC) ជាមួយនិងដំណាំស្ករអំពៅសម្រាប់ការនាំចេញគឺជារឿងមានការព្រួយបារម្ភជាខ្លាំង។ ជម្លោះនេះចាំបាច់ត្រូវមានដំណោះស្រាយសមស្របជាបន្ទាន់រវាងគ្រួសារដែលរងផលប៉ះពាល់ និងក្រុមហ៊ុនស្ករឯកជនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច។ ដើម្បីដោះស្រាយបញ្ហាកង្វល់នេះ ឯកឧត្តម ជា សុផារ៉ា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម George Edgar បានធ្វើការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។

មន្រ្តីខេត្តធ្វើឲ្យប្រសើរឡើងការងារប្រមូលទិន្នន័យ
(ថ្ងៃទី២៧ ខែកញ្ញា) ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីខេត្តក្នុងការប្រមូលទិន្នន័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកសិក្ខាសាលាមួយស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសុរិយោដី។ សិក្ខាសាលានេះបានផ្តោតទៅលើមន្ត្រីខេត្តបន្ទាយមានជ័យ ដែលត្រូវបានលើកទឹកចិត្តឲ្យចូលរួម។

រដ្ឋមន្រ្តីជួបជាមួយនិស្សិតអាហារូបករណ៍អូស្រ្តាលី
(ថ្ងៃទី២៧ ខែកញ្ញា) ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានផ្តល់ដំបូន្មាននិងបទពិសោធន៍ទៅដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍អូស្ត្រាលីទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី។ រដ្ឋមន្រ្តីចង់ធានាឲ្យបានថា និស្សិតទាំងនេះនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្រូបយកចំណេះដឹងពីកម្មវិធីថ្នាក់អនុបណ្ឌិតអូស្ត្រាលីសំរាប់ឆ្នាំសិក្សា ២០១៨-២០១៩។ ឯកឧត្តមចង់ឃើញពួកគេត្រលប់មកវិញជាមួយនូវចំណេះដឹងដ៏មានតំលៃដែលនឹងជួយរួមចំណែកដល់ការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេសជាតិ។

ក្រសួងរៀបចំដែនដី និងសាលារាជធានីភ្នំពេញបញ្ចប់ជម្លោះដីធ្លីទួលគោក
(ថ្ងៃទី១២ ខែតុលា) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនិងសាលារាជធានីភ្នំពេញ បានវាស់វែងវិមាត្រនៅទីតាំងជម្លោះដីធ្លីនៅទួលគោក។ គ្រួសាររងផលប៉ះពាល់ចំនួន៩ បានអំពាវនាវឲ្យមានដំណោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន World City និងក្រុមហ៊ុន Sour Komnern Company នៅ ទួលគោក។ គ្រួសាររងផលប៉ះពាល់សង្ឃឹមថានឹងទទួលបានដំណោះស្រាយសមស្រប ក្នុងពេលឆាប់ៗបន្ទាប់ពីការចុះវាស់វែង។

ការយល់ដឹងពីដីធ្លីនិងសំណង់សម្រាប់និស្សិត
(ថ្ងៃទី១២ ខែតុលា) ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការងារដីធ្លីនិងសំណង់” សម្រាប់និស្សិតសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងផ្នែកនេះ ព្រមទាំងសិស្ស និងកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកវិស័យនេះដល់អ្នកចូលរួមតាមរយៈការចែករំលែកបទពិសោធរបស់លោក។

កិច្ចប្រជុំស្តីពីការចុះបញ្ជីដីធ្លី
(ថ្ងៃទី១៩ ខែតុលា) ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះរ៉ុង ខេត្តព្រះសីហនុ នឹងទទួលបានកម្មសិទ្ធិដីធ្លី បន្ទាប់ពីកិច្ចប្រជុំស្តីពីដំណើរការនៃការចុះបញ្ជីដីធ្លី។ តំណាងក្រសួងបរិស្ថាន និងប្រតិភូតំណាងក្រសួងទេសចរណ៍ព្រមទាំងអាជ្ញាធរខេត្តបានចូលរួមក្នុងកិច្ចប្រជុំ។
- Video Advertisement -