កំណត់ហេតុប្រចាំថ្ងៃរបស់សាលារាជធានីភ្នំពេញ
ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យមានសេចក្តីរីករាយដើម្បីបើកដំណើរការផ្នែកសម្រាប់ព័ត៌មានថ្មីៗជាប្រចាំអំពីសាលារាជធានីភ្នំពេញ។
– ជម្រើសការរចនាស្នើឡើងសម្រាប់ភ្លើងស្តុបនៅ BKC (ធនាគារកាណាឌីយ៉ា)
សាលារាជធានីភ្នំពេញ និងអ្នកជំនាញមកពីក្រុមហ៊ុនឯកជន និងសាធារណៈដែលពាក់ព័ន្ធ បានពិភាក្សាគ្នាអំពីជម្រើសជាច្រើនសម្រាប់ផែនការរៀបចំភ្លើងស្តុប BKC (ធនាគារកាណាឌីយ៉ា)។ គេនៅមិនទាន់ជ្រើសរើសបាននូវជម្រើសនៃការរចនាចុងក្រោយណាមួយនោះទេ ដោយហេតុថា សាលារាជធានីភ្នំពេញត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់នៃគម្រោងនេះ។
ក្រុមខាងលើក៏បានសិក្សាពីលទ្ធភាពនៃការសាងសង់ស្ពានអាកាសចំនួនបួនបន្ថែមទៀត ដើម្បីសម្រួលដល់ចរាចរណ៍នៅតំបន់ជុំវិញស្ពានក្បាលថ្នល់ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមន។ ការសាងសង់ស្ពានអាកាសថ្មីនៅក្បាលថ្នល់ត្រូវការចាប់ផ្តើមដំណើរការឱ្យបានឆាប់ បើទោះជានៅមានភាពចម្រូងចម្រាស់មួយចំនួនក៏ដោយ ។
– ឯកជនភាវូបនីយកម្មលើការគ្រប់គ្រងសួនសាធារណៈ
សាលារាជធានីភ្នំពេញនឹងផ្ទេរកាតព្វកិច្ចក្នុងការគ្រប់គ្រង និងការថែរក្សាសួនសាធារណៈរបស់ទីក្រុងភ្នំពេញទៅឱ្យក្រុមហ៊ុនឯកជន ហើយផ្តល់ឲ្យក្រុមហ៊ុនឯកជននោះវិញ នូវទីតាំងសម្រាប់ការផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃនៅតាមសួនសាធារណៈទាំងនោះ។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៣ ខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវសេចក្តីព្រាងកិច្ចសន្យានោះ ឯកឧត្តម ប៉ា សុជាតិវង្សបានឱ្យដឹងថាបច្ចុប្បន្នមានអំពូលភ្លើងចំនួន ១១,០០០ ដែលដាក់បំពាក់នៅក្នុងទីក្រុង ដែលអំពូលទាំងនោះត្រូវតម្លើងទៅជាអំពូល LED ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានតម្លើងចំនួន ២,០០០ អំពូលហើយ។
– កាំមេរ៉ាសុវត្ថិភាព CCTV ចំនួន ៦០០ ត្រូវបានដំឡើង
សន្ដិសុខនៅតែជាបញ្ហាសំខាន់សម្រាប់រាជធានីភ្នំពេញ ហើយនៅថ្ងៃទី ១៥ ខែមិថុនា សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញលើការងារដំឡើងកាំមេរ៉ាសុវត្ថិភាព CCTV នៅលើភ្លើងសញ្ញាចរាចរណ៍ទាំងអស់ក្នុងរាជធានី។ ក្រោមការដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ស៊ុយ សារ៉េត កាំមេរ៉ាសុវត្ថិភាព CCTV ចំនួន ៦០០ នឹងត្រូវបានដំឡើង ក្រោមកិច្ចសន្យាសេវាកម្មជាមួយក្រុមហ៊ុន HSC, ZTE និង CFOCN ។ ការងារការដំឡើងនឹងចាប់ផ្តើមពីថ្ងៃទី ៣០ កក្កដា ដល់ថ្ងៃទី ១០ ខែ វិច្ឆិកា។
– ការកែច្នៃសំណល់ទៅជាជី
ដើម្បីដោះស្រាយបញ្ហាកាន់តែអាក្រក់ឡើងនៃការគ្រប់គ្រងកាកសំណល់រឹង និងរាវ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម អៀង អ៊ុននី បានរៀបចំការពិភាក្សាមួយជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុន Hayashida ដែលមានមូលដ្ឋាននៅជប៉ុនលើគម្រោងកែច្នៃកាកសំណល់ភក់ និងកាកសំណល់បន្លែទៅជាជីកំប៉ុស។
– ការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង
ឆ្លើយតបទៅនឹងបញ្ហាទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានដឹកនាំក្រុមការងារមួយដើម្បីពិនិត្យមើលការជីកប្រឡាយ ដើម្បីបញ្ចេញទឹកពីប្រឡាយមេនៅតាមបណ្តោយផ្លូវដែកដែលភ្ជាប់ទៅប្រឡាយទួលសំពៅ នៅសង្កាត់ភ្នំពេញថ្មី។ ប្រឡាយថ្មីនេះត្រូវបានជីកក្នុងជម្រៅ ៨ ម៉ែត្រ ទទឹង ៤ ម៉ែត្រដោយប្រើប្រាស់អេស្កាវាទ័រចំនួនពីរ។ នៅថ្ងៃដដែលនោះ ក្រុមនេះក៏ធ្វើការត្រួតពិនិត្យការសាងសង់ស្ថានីយបូមទឹកទួលគោក II នៅខណ្ឌទួលគោក និងការសាងសង់ប្រឡាយបេតុងបាក់ទូក នៅខណ្ឌឫស្សីកែវ។ ស្ថានីយបូមទឹកនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងខែ កក្កដា ឆ្នាំ ២០១៦។
– ផ្លូវនៅបឹងកក់ត្រូវបានបើកបន្ថែមទៀត
ដើម្បីបំបាត់ការកកស្ទះចរាចរណ៍ អភិបាលរាជធានីភ្នំពេញបានជំរុញការសាងសង់ឲ្យបើកផ្លូវ R7, R8, R9 និង R10 ដែលនឹងភ្ជាប់ខណ្ឌទួលគោក និងខណ្ឌដូនពេញនៅតាមបណ្តោយផ្លូវដែក។ នៅពេលដែលបញ្ចប់ការសាងសង់ ផ្លូវទាំងនេះនឹងរួមចំណែកយ៉ាងខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរជុំវិញទំនប់ ៧០ ទីស្តីការគណៈរដ្ឋមន្ត្រី និងរង្វង់មូលទួលគោក ។
– ការដាក់ឈ្មោះផ្លូវនៅបឹងកក់
ដើម្បីបន្ធូរបន្ថយចរាចរណ៍នៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី និងការិយាល័យនាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី ២០ ខែ មិថុនា ដើម្បីពិនិត្យឡើងវិញការសាងសង់ផ្លូវនៅក្នុងតំបន់បឹងកក់ ដែលមានសក្តានុពលដើម្បីបន្ថយការកកស្ទះនៅរវាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំបន់ទួលគោក ។ ក្នុងឱកាសជាប្រធាននៃកិច្ចប្រជុំអភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ស៊ុយ ស៊ីរិទ្ធ បានពិភាក្សាពីឈ្មោះដែលត្រូវដាក់ឲ្យផ្លូវនៅបឹងកក់ ព្រមទាំងលើកឡើងពីសក្កានុពលនៃការកសាងផ្លូវមួយផ្សេងទៀតនៅក្បែរវិហារអ៊ីស្លាមបឹងកក់នេះ ។
– ទីក្រុងត្រូវការកន្លែងចំណតបន្ថែមទៀត
បញ្ហាចំណតបានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរនៅក្នុងរាជធានីភ្នំពេញ ដោយមានរថយន្តជាង ៣សែនគ្រឿង និងម៉ូតូជាង ១.២ លានគ្រឿងចរាចរនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី ២១ ខែ មិថុនា សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំលើការស្នើសុំដើម្បីបង្កើតចំណតយានយន្តសម្រាប់រថយន្ត និងម៉ូតូពីរកន្លែង នៅជុំវិញផ្សាររាត្រី និងភាគខាងជើងនៃសណ្ឋាគារសាន់វេ។ ឯកឧត្តម ស៊ុយ ស៊ីរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីបច្ចេកទេសឲ្យសិក្សាម្តងទៀតអំពីលទ្ធភាពសាងសង់ចំណតយានយន្តនៅខាងជើងសួនកុមារវត្តភ្នំ និងភាគខាងលិច និងភាគខាងជើងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងភាគខាងកើតនៃវត្តភ្នំ។

