កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១
ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។
នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។
កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% ខណៈអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣%។
កំពង់ផែជម្រៅ ៤,៥ ម៉ែត្រ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។
ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា។
គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារមកដើមឆ្នាំ ២០២១ រួចមកពាក់កណ្ដាលឆ្នាំ និងឥឡូវមកចុងឆ្នាំ។ (អានបន្ថែម និងបន្ថែម)

