ក្នុងឆ្នាំ២០២៤ កម្ពុជានាំយានយន្តចេញបានជាង $១.១ពាន់លាន

ក្នុងឆ្នាំ២០២៤ វិស័យយានយន្តនៅកម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៧៤៦លានដុល្លារ និងមានការនាំចេញបានរហូតដល់ប្រមាណ ១.១៤០លានដុល្លារ។

នេះបើតាមកិច្ចប្រជុំលើកទី២ គណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង​អេឡិចត្រូនិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

បើតាមរបាយការណ៍ក្នុងកិច្ចប្រជុំខាងលើនេះ បានបង្ហាញបន្ថែមថា ទំហំទឹកប្រាក់នាំចេញខាងលើនេះ​ គឺលើសផែនការសម្រា​ប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោ​ងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។

ដោយ​ឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះ​បី​ជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គណៈកម្មាធិការប្រតិបត្តិ និងភាគីពាក់ព័ន្ធ កំពុងប្រឹងប្រែងប្រែក្លាយកម្ពុជាទៅជា “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ។

ឯកឧត្តម បានបន្តថា ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣​-២០២៤” ។

ជាចុងក្រោយ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងរបាយការណ៍ ឱ្យបានចប់សព្វគ្រប់មុនដាក់ឆ្លង គ.ស.ហ. ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនកំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន MITSUI កំពុងស្វែងរកឱកាសវិនិយោគលើវិស័យយាន […]

រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ

  ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ […]