ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock
ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប្រទេសកម្ពុជា ខេរ៉ក (KRock) គ្រោងនឹងពង្រីកខ្សែចង្វាក់ការផ្គត់ផ្គង់របស់ខ្លួនទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបទៅកំណើននៃតម្រូវការក្បឿងដែលមានគុណភាពខ្ពស់ក្នុងទីផ្សារវិស័យសំណង់ ក៏ដូចជាដើម្បីអួតបង្លាញពីស្នាដៃក្បឿងខ្មែរទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យ លោកប៊ុន ណារ៉ា ដែលជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Krock Manufacturing Co.,្្Ltd. បានឲ្យដឹងថាក្រុមហ៊ុនគ្រោងនឹងពង្រីកក្បឿងម៉ាក ខេរ៉ក របស់ខ្លួនទៅប្រទេសមីយ៉ាន់ម៉ានិងថៃ ដោយក្រុមហ៊ុនបានទទួលកម្មសិទ្ធបញ្ញាពីប្រទេសទាំងពីរនេះរួចមកហើយ។
លោកបានមានប្រសាសន៍បន្តថា ទីផ្សារក្បឿងរបស់ក្រុមហ៊ុនមានការកើនឡើងយ៉ាងខ្លាំង ដូច្នេះហើយទើប ឥឡូវនេះក្រុមហ៊ុននឹងពង្រីកការផ្គត់ផ្គង់ទៅក្នុងទីផ្សារថៃ និងមីយ៉ាន់ម៉ា ហើយបន្ទាប់មកគឺទៅកាន់ ប្រទេសវៀតណាម ឡាវ ក៏ដូចជាទៅកាន់ប្រទេសដទៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាការពិតណាស់ ក្បឿងខេរ៉កត្រូវបានអថិជនស្គាល់ថាជាក្បឿងដែលមានគុណភាពខ្ពស់ ព្រមទាំងមានសោភណភាពស្អាតដែលត្រូវបានរចនាឡើងជាម៉ូតបុរាណបែបខ្មែរ។
ជាមួយគ្នានេះដែរ ដើម្បីពង្រីកនិងពង្រឹងគុណភាពនិងស្ដង់ដារផលិតផលរបស់ខ្លួន ក្រុមហ៊ុនក៏គ្រោងនាំយកម៉ាស៊ីនផលិតក្បឿងថ្មីដែលអាចធ្វើក្បឿងចេញពីដីដុត ដែលមានគុណភាពល្អជាងក្បឿងធ្វើពីស៊ីម៉ង់។
ការនាំចូលមកនូវម៉ាស៊ីនថ្មីនេះ គឺជាការផ្លាស់មុខមាត់ចង្វាក់ផលិតកម្មក្បឿងផលិតពីដីដុតនៅក្នុងប្រទេសកម្ពុជាអោយមានទំហំធំជាងមុន ព្រោះថានាពេលបច្ចុប្បន្នក្បឿងដីដុតភាគច្រើនគឺមានទំហំតូចដែលផលិតដោយសិប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ លើសពីនេះ ម៉ាស៊ីនផលិតក្បឿងថ្មីនេះក៏នឹងជួយបង្កើនសង្វាក់ផលិតកម្មក្បឿងអោយកាន់តែច្រើនឡើងផងដែរ។
ក្រៅពីផលិតផលក្បឿង ក្រុមហ៊ុនខេរ៉កក៏មានផលិតសម្ភារៈសំណង់ផ្សេងៗទៀតដូចជា សន្លឹកជញ្ជាំងបេតុង ការ៉ូឡា និងផលិតផលពីបេតុងផ្សេងទៀតផងដែរ ដែលក្នុងនោះ ការ៉ូឡាថ្មដុះ ៣ ពណ៏ គឺជាផលិតផលដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមក ផលិតផលរបស់ក្រុមហ៊ុនខេរ៉ក បានទទួលការគាំទ្រពីម្ចាស់គម្រោងសំខាន់ៗជាច្រើនដូចជា បុរីប៉េងហួត អូគីដេវិឡា បុរីភ្នំពេញថ្មី ក៏ដូចជាធនាគារអេស៊ីលីដា ជាដើម។






