ក្រសួងការងារ៖ កំណើនសំណង់អគារខ្ពស់ៗ ធ្វើឱ្យទីផ្សារការងារលើជំនាញមួយនេះកើនឡើង
ក្រសួងការងារ កាលពីថ្មីៗនេះ បានឱ្យដឹងថា ដោយសារកំណើននៃសំណង់អគារខ្ពស់ៗ បានធ្វើឱ្យកម្ពុជាត្រូវជំនាញធនធានមនុស្សផ្នែកជណ្តើរយន្តបន្ថែមទៀតជាច្រើន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងសិក្ខាកាមជំនាញជណ្តើរយន្តជំនាន់ទី១ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រុមហ៊ុន GGear Group អង្គការ UNIDO និង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ។
ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា៖ «កំណើននៃការសាងសង់អគារខ្ពស់ៗ និងតម្រូវការជណ្តើរយន្តនៅកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតមួយចំនួន រួមមាន ជាងដំឡើង ជាងជួសជុល និងការថែទាំជណ្តើរយន្ត»។
«នៅខណៈពេលនេះ ក៏ពុំទាន់មានគ្រឹះស្ថានសិក្សាណាមួយបើកវគ្គបណ្តុះ បណ្តាលជំនាញជណ្តើរយន្ត ដើម្បីផ្តត់ផ្គង់កម្លាំងពលកម្មដល់ទីផ្សារមួយនេះនៅឡើយទេ» ឯកឧត្តមបានបន្ដ។
ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញជណ្តើរនេះ គឺស្របតាមការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់អគារខ្ពស់ៗ ដែលចាំបាច់ត្រូវការប្រើប្រាស់ជណ្តើរយន្ត។
ការបើកវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការចាប់ផ្តើមជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការធ្វើពិពិធកម្មជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

