ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។
នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា JICA និង ក្រសួងដែនដីជប៉ុន នឹងធ្វើការលើគម្រោងផ្សេងគ្នា។
ទីភ្នាក់ងារ JICA នឹងអនវុត្តពីរគម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) ដែលនឹងប្រតិបត្តិការដោយប្រើទិន្នន័យរូបភាពពី CCTV និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។
គម្រោងទាំង ២ នេះ នឹងត្រូវបានសាកល្បងអនុវត្តនៅក្នុងអំឡុងខែតុលាខាងមុខនេះ ។
ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ គម្រោង គឺ គម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និង គម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។
ក្រសួងដែនដីជប៉ុន នឹងចាប់ផ្ដើមអនុវត្តការងារចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយនឹងបញ្ជូនក្រុមការងារ ដើម្បីមកធ្វើការសិក្សាស្រាវជ្រាវ ដោយមិនមានការរង់ចាំឡើយ បើទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្ដី។

