ក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ឱ្យមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ ការងារនេះ ជាផ្នែកមួយនៅការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។
យោងតាមសេចក្តីសម្រេចលេខ ០៣៧ សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារនេះ ជាសេនាធិការ (ជំនួយការ) ឱ្យគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងធំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីឆ្នើម ០៣រូប។(អានបន្ថែម)
ក្រុមការងារពិសេសនេះ មានសមាជិកសរុបទាំងអស់ ចំនួន ៤៣រូប ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្នន័យដីធ្លីក្នុងខេត្តព្រះសីហនុ។
លើសពីនេះ ក្រុមការងារនេះ ក៏នឹងជាអ្នកតាក់តែងសេចក្តីព្រាងគោលនយោបាយ និងលើកសំណើអំពីជម្រើសគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដាក់ជូនគណៈកម្មាធិការពិនិត្យ និងសម្រេចផងដែរ។
គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២។ (អានបន្ថែម)
កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ និង ផ្លូវ ១១ ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ទាំង ៣ និងការងារផ្សេងៗទៀត។
ថ្មីនេះៗ ក្រសួងបរិស្ថាន ក៏កំពុងវាយតម្លៃ និងសិក្សារុករកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើឱ្យផែនការមេអភិវឌ្ឍខេត្តព្រះសីហនុនេះអនុវត្តទៅដោយរលូន មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន ។ (អានបន្ថែម)

