ក្រសួងដែនដីអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរសព្ទ«សំណង់កម្ពុជា»ដើម្បីលើកកម្ពស់តម្លាភាពនៃវិស័យនេះ
ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរសព្ទ «សំណង់កម្ពុជា ឬ Cambodia Construction » ដែលក្រសួងបានបង្កើតកាលពីពេលថ្មីៗ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់តម្លាភាពឧស្សាហកម្មមួយនេះ។
ថ្លែងនៅចំពោះមុខធុរកិច្ចជនប្រមាណជាង៣០០ នាក់នៅឯពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឲ្យសាធារណជនប្រើប្រាស់កម្មវិធីទូរសព្ទ «សំណង់កម្ពុជា» ដើម្បីជួយលើកកម្ពស់ឧស្សាហកម្មមួយនេះ។
ឯកឧត្តមបានឲ្យដឹងថា៖ «កាលពីពេលថ្មីៗនេះ ក្រសួងបានបង្កើតកម្មវិធីទូរសព្ទថ្មីដែលហៅថា ‘សំណង់កម្ពុជា’ ដើម្បីលើកកម្ពស់តម្លាភាព និងបង្ហាញពីការអភិវឌ្ឍថ្មីបំផុត»។
ឯកឧត្តមបានបន្ថែមថា៖ «ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា និងការជំរុញផ្សព្វផ្សាយទេពកោសល្យដ៏ឆ្នើម និងបុគ្គលិកដែលមានជំនាញរបស់ប្រទេសជាតិយើង យើងនឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងបង្កើតឲ្យមានសេដ្ឋកិច្ចមួយដែលកាន់តែរឹងមាំ ជាមួយនឹងឱកាសដ៏ច្រើន និងសម្បូរបែប»។
កម្មវិធីទូរសព្ទខាងលើដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ ២០១៨ គឺផ្តល់ភាពងាយស្រួលជាច្រើនសម្រាប់វិស័យសំណង់ដូចជា ការផ្តល់នូវព័ត៌មាន បញ្ជីឈ្មោះក្រុមហ៊ុនសំណង់ បញ្ជីគម្រោងសំណង់ និងលិខិតអនុញ្ញាតិតម្លៃសម្ភារ ក៏ដូចជា ច្បាប់ និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងស្តង់ដារក្នុងវិស័យសំណង់ និងជាពិសេស វាក៏អាចបង្ហាញពីទីតាំងរបស់គម្រោងដែលទទួលការអនុម័តពីក្រសួងនិងព័ត៌មានដែលពាក់ពន្ធ័។ អានបន្ថែម
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់កម្មវិធីទូរសព្ទដ៍ឆ្លាតមួយនេះ លោកអ្នកអាចធ្វើការទាញយកពីក្នុង App Store (សម្រាប់ iPhone) download និង PlayStore (សម្រាប់Android) download។

