ក្រសួងនឹងពង្រីកផ្នែកខ្លះនៃផ្លូវលេខ៨ ទៅជា ៤ គន្លង គ្រោងបើកការដ្ឋានឆ្នាំ ២០២៤ ក្រោមកម្ចីពីចិន
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចាក់កៅស៊ូមួយស្រទាប់បន្ថែមទៀត និងពង្រីកផ្នែកខ្លះនៃផ្លូវជាតិលេខ ៨ ជា ៤គន្លង ដោយការដ្ឋានរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤ ខាងមុខ ខណៈគម្រោងត្រូវបានបញ្ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ត្រៀមសុំកម្ចីពីចិន រួចរាល់ហើយ។
នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាផ្សាយបន្តផ្ទាល់កាលពីថ្ងៃចន្ទកន្លងទៅ។
ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងកែលម្អផ្លូវជាតិលេខ៨នេះ ដំបូងត្រៀមធ្វើឡើងដោយប្រើថវិកាជាតិ ប៉ុន្តែដោយសារកូវីដ១៩ រដ្ឋាភិបាលបានផ្តោតលើចំណាយអាទិភាព។ ដូច្នេះក្រសួងសម្រេចដាក់គម្រោងនេះ ទៅក្នុងផែនការគម្រោងអាទិភាពប្រើប្រាស់កម្ចីពីប្រទេសចិន»។
ឯកឧត្តម បន្តថា៖ «ពីឆ្នាំ២០២៣ ឬ២០២៤ ទើបយើងលើកគុណភាព គឺចាក់មួយស្រទាប់ថែមទៀត ហើយអាចពង្រីកកន្លែងមួយចំនួន ដែលមានកកស្ទះ ពី ២ គន្លងទៅ ៤គន្លង»។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៨ តភ្ជាប់រវាងផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានព្រែកតាម៉ាក់ ទៅផ្លូវជាតិលេខ៧ ត្រង់ស្រុកពញាក្រែក ដោយឆ្លងកាត់ខេត្តព្រៃវែង និងមានប្រវែងសរុប ៩០គីឡូម៉ែត្រ។

