ក្រសួងបង្ហាញផែនការបង្កើតសួនឌីជីថល ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងវិស័យឌីជីថលនៅកម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ហាក់ សុខហេង បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាល និងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ។
ឯកឧត្តម បានបន្តថា សួនឌីជីថលនេះ នឹងដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដោយចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់ ក៏ដូចជាការធ្វើការងារពីចម្ងាយ ព្រមទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញឌីជីថលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។
បច្ចុប្បន្ន ក្រសួងកំពុងស្វែងរកទីតាំងដែលសមស្របមួយសម្រាប់បង្កើតសួនឌីជីថល និងរៀបចំសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។ ការបង្កើតឧទ្យាននេះត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញឌីជីថល គាំទ្រដល់អាជីវកម្មឌីជីថលដែលកំពុងរីកចម្រើន និងការបង្កើតសហគមន៍ឌីជីថលដ៏រឹងមាំដែលអាចទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសបានផងដែរ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំជាយុទ្ធសាស្ត្រជាមួយនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។
គួរបញ្ជាក់ថា ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានសិក្សាគំរូសួនឌីជីថលនេះ ពីប្រទេសថៃលើគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០គីឡូម៉ែត្រ ពីទីក្រុងបាងកក ដែលគម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយបច្ចុប្បន្នសម្រេចបាន ៦០ភាគរយហើយ។
ជាមួយនឹងការបង្កើតសួនឌីជីថលរបស់កម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលបំណងជំរុញប្រព័ន្ធអេកូឌីជីថលដ៏រស់រវើក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសក្នុងយុគសម័យឌីជីថល។
- Video Advertisement -