បច្ចេកវិទ្យាថ្មី៖ កែច្នៃសំណល់ពីគម្រោងសំណង់ ប្លាស្ទិក និងអណ្ដូងរ៉ែចាស់ៗ ទៅចំណូល[:]0
Bentley Systems ប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Cha […]
ក្រសួងបរិស្ថានបានប្រកាសពីយុទ្ធនាការដ៏ធំមួយក្នុងគោលបំណងសម្អាតសំរាមនៅតាមផ្លូវជាតិចំនួន ១២៦ខ្សែ នៅទូទាំងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ត្រូវបានសម្ពោធជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រគំនិតផ្តួចផ្តើម “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” ដែលលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសហគមន៍ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន រួមទាំងតំបន់ជុំវិញភូមិ សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗទៀត។
យុទ្ធនាការរបស់ក្រសួងលើកនេះ នឹងផ្តោតលើការចូលរួមយ៉ាងសកម្មរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាផ្លូវជាតិត្រូវបានរក្សាភាពស្អាត និងគ្មានសំរាម និងកាកសំណល់ប្លាស្ទិកនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការកែលំអទីក្រុង និងទីប្រជុំជននៅតាមដងផ្លូវសំខាន់ៗ។
គួរបញ្ជាក់ថា ផែនការសកម្មភាពនេះដែរ នឹងត្រូវអនុវត្តនៅទូទាំងរាជធានី និងខេត្តនានាក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់ផ្លូវជាតិសំខាន់ៗចំនួន ១២៦ខ្សែ ដែលមានប្រវែងសរុបប្រមាណ ៦៣០៩,៥៧ គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមសហគមន៍ និងអង្គការនានា ដើម្បីធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ។
បើក្រឡេកទៅមើលការខិតខំប្រឹងប្រែងកន្លងមក ក្រសួងបានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយផ្លាស្ទិកឆ្នាំ២០២៤ ដែលបានកាត់បន្ថយការនាំចូលផ្លាស្ទិកបានជាង ៨០% ដោយជោគជ័យ និងនាំឱ្យមានការកាត់បន្ថយប្រមាណ ៨០% នៃសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវក្នុងខេត្តចំនួន ១១ បើធៀបនឹងឆ្នាំ២០២៣។ (អានបន្ថែម)
ក្រសួងបរិស្ថានសង្ឃឹមថា យុទ្ធនាការថ្មីនេះ មិនត្រឹមតែលើកកម្ពស់អនាម័យផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការប្តេជ្ញាចិត្តយូរអង្វែងក្នុងការថែរក្សាបរិស្ថានក្នុងចំណោមប្រជាជនកម្ពុជា។
