ក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។
ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។
មួយវិញទៀត ក្រសួង ក៏បានប្រកាសឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ជាយថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
ក្នុងករណី ជនណាម្នាក់មិនអនុវត្តតាមការជូនដំណឹងនេះទេ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល អនុលោមតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍។
ក្រៅពីនេះ ក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសវាផងដែរ។ (អានបន្ថែម)
ព្រមជាមួយគ្នានេះផងដែរ កាលពីពេលថ្មីនេះៗ ក្រសួងបានបើកកិច្ចប្រជុំជាមួយ ប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ក្រុមហ៊ុន ដើម្បីរកដំណោះស្រាយភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍កម្ពុជា ទន្ទឹមនឹងការដាក់ចេញផែនការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ (អានបន្ថែម)

