ក្រសួងប្រកាសផ្តល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធចំនួន ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមប្រគល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃ និងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខ ដែលទាមទារឱ្យមានវិធានការដោះស្រាយអោយបានសមស្របត្រឹមត្រូវ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយដោយប្រើប្រាស់កំលាំងសរុប ដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ ខណៈបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស គឺនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ។
ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដារ ដើម្បីសម្រួលបែបបទនិងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម ការធ្វើបទបញ្ញត្តិដើម្បីគ្រប់គ្រងបុរី គឺជាកត្តាសំខាន់ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានបន្តគាំទ្រលើការបង្កើតសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញ ដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់សេវាសុរិយោដី និងពន្ធដារ ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដល់ទីតាំង និងអាចទទួលបានសេវាគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។
ជាចុងក្រោយនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម បានស្នើសុំឱ្យបង្កើតក្រុមការងារ E-administration, File sharing ដោយមានឆន្ទៈធ្វើការរួមគ្នារវាងខាងសុរិយោដី និងពន្ធដារផងដែរ។
គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងជំរុញឱ្យមានប្រព័ន្ធគ្រប់គ្រងដីធ្លីដែលមានការរៀបចំ និងតម្លាភាពជាងមុននៅកម្ពុជា។
- Video Advertisement -