ក្រសួងមហាផ្ទៃត្រៀមចេញច្បាប់ថ្មីជំរុញការពារអគ្គីភ័យសម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី
ក្រសួងមហាផ្ទៃ កំពុងត្រៀមចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការគ្រប់គ្រង និងបង្ការអគ្គីភ័យឱ្យមានប្រសិទ្ធភាពជាងមុន ពិសេសសម្រាប់សំណង់អគារខ្ពស់ និងសំណង់ដែលមានជាន់ក្រោមដី។
បើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សេចក្ដីព្រាងសារាចរណែនាំថ្មីនេះ ដោយមានទិសដៅពង្រឹងសមត្ថភាពការងាររបស់ក្រុមបង្ការ និងពន្លត់អគ្គីភ័យ ទាំងក្រុមកាតព្វកិច្ច និងក្រុមស្ម័គ្រចិត្ត។
សេចក្តីព្រាងនេះ តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែមានប្លង់បង្ការ និងពន្លត់អគ្គីភ័យ ក៏ដូចជាបង្កើតក្រុមបង្ការ និងពន្លត់អគ្គីភ័យកាតព្វកិច្ច ដែលអាចទាំងពន្លត់អគ្គីភ័យ និងសង្គ្រោះបឋមបាន សម្រាប់សំណង់អគាររបស់ខ្លួន។
លើសពីនេះ សេចក្តីព្រាងក៏បានសង្កត់ធ្ងន់ទៅសំណង់អគារខ្ពស់ច្រើនជាន់ និងអគារដែលមាន ជាន់ក្រោមដី ដែលមានការប្រើប្រាស់បណ្ដាញចរន្តអគ្គីសនី ឧស្ម័នចំហេះ សារធាតុងាយឆេះ និងងាយផ្ទុះ។
ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិវិញ ក៏តម្រូវបង្កើតក្រុមបង្ការ និងអន្លត់អគ្គីភ័យស្ម័គ្រចិត្ត នៅក្នុងភូមិ ឃុំ សង្កាត់ សហគមន៍ ផងដែរ។

