ក្រសួងមហាផ្ទៃ ចេញវិធានការពន្លឿនការងារធ្វើប្លង់ដី និងគ្រប់គ្រងដីរដ្ឋតាមបណ្តារាជធានី-ខេត្ត
ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ពន្លឿនការងារធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការគ្រប់គ្រងដីរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងបានរកឃើញថា មានភាពយឺតយ៉ាវក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាដីធ្លីបញ្ចូលក្នុងបញ្ជីសារពើភណ្ឌ ការជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយបញ្ហាដី ដែលមានការជាប់ពាក់ព័ន្ធ និងភាពខ្វះចន្លោះក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាដីធ្លីមកក្រសួងមហាផ្ទៃ។
ក្នុងគោលបំណងជំរុញការងារទាំងអស់នេះ ក្រសួងមហាផ្ទៃបានណែនាំនូវវិធានការមួយចំនួនដូចខាងក្រោម៖
- ជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា
- ធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងកត់ត្រាបន្ថែមនូវទីតាំងដីឯកជនរបស់រដ្ឋ ដែលត្រូវកត់ត្រាបញ្ចូលទៅក្នុង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការទុកនៅក្រៅបញ្ជី ដែលអាចប្រឈមនឹងការរំលោភទន្ទ្រានកាន់កាប់ និងការបាត់បង់ដោយប្រការណាមួយ។
- ជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលមានការជាប់ពាក់ព័ន្ធ ឬមានទំនាស់ជាមួយប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ភាគីឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យបានរួចរាល់ ឆាប់រហ័ស ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ចៀសវាងការអូសបន្លាយពេលវេលា ទុកបញ្ហាឱ្យកាន់តែរ៉ាំរ៉ៃ ដោយគ្មានដំណោះស្រាយត្រឹមត្រូវ
- បង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ចំពោះការតាំងទីលំនៅ ការរំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ទាំងលើដីសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ
- យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងសេចក្តីជូនដំណឹងលេខ ១០៣៤៩ សហវ. ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពន្លឿនធ្វើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ ដែលនៅសេសសល់ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ឱ្យបានរួចរាល់ជាស្ថាពរ
- រដ្ឋបាលរាជធានី ខេត្ត ត្រូវបូកសរុបលទ្ធផលការងាររួម ចាប់ពីបណ្តារដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនក្រសួងមហាផ្ទៃរៀងរាល់ដំណាច់ត្រីមាសនីមួយៗ។
- ក្នុងករណីពិនិត្យឃើញថា គ្រប់បណ្តាអង្គភាពណាមួយពុំមានវឌ្ឍនភាពការងារជាវិជ្ជមាននោះ ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីណែនាំ ឬចាត់វិធានការទៅលើអង្គភាពនោះតាមការចាំបាច់។
គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបបានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លានទៀត។ (អានបន្ថែម)
- Video Advertisement -