ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីធ្វើឱ្យសក្ដានុពលខេត្តនេះកាន់តែមានសន្ទុះជាងមុន។

បើយោងតាមកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី២៧ ខែមេសា កន្លងមកនេះ ការរៀបចំផែនការនេះ បានផ្ដោតសំខាន់លើប្លង់គោលប្រើប្រាស់ដីពីរចំណុចធំៗ គឺទីតាំងក្រុងព្រះសីហនុ (ចក្ខុវិស័យដល់ឆ្នាំ ២០៣៨) និងទីតាំងតំបន់បឹងធំកង្កែប។

ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការរៀបចំប្លង់មេប្រើប្រាស់ដីនេះធ្វើឡើងមួយរយៈហើយ ដោយដំណើរការនៅតែបន្តទៅយ៉ាងរលូន។ បច្ចុប្បន្ន ក្រុមការងារនឹងបន្តជំរុញធ្វើយ៉ាងណាឱ្យបញ្ចប់បានលឿនបំផុត។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានសក្ដានុពលមួយ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងដូចជាគម្រោងផ្លូវ ៣៤ខ្សែ ដែលទើបតែបញ្ចប់ ផ្លូវ១១ខ្សែ ដែលកំពុងតែសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គម្រោងពង្រីកកំពង់ផែ និងព្រលានយន្តហោះ ក៏ដូចជាគម្រោងអភិវឌ្ឍអចលនទ្រព្យឯកជននានា។

ដូច្នេះផែកការគោលរៀបចំការប្រើប្រាស់ដីនេះ នឹងជួយឱ្យការអភិវឌ្ឍន៍ទាំងនោះងាយស្រួល និងមានតម្លាភាពជាងមុន ក្នុងគោលដៅចុងក្រោយ គឺធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាទីក្រុងស៊ិនជិនទី២។ (អានបន្ថែម)

- Video Advertisement -