ក្រសួងរៀបចំដែនដីជំរុញការអនុវត្តច្បាប់ស្តីពីសំណង់បន្ថែម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ និងមន្ត្រីក្រសួង មន្ទីរ រាជធានី ខេត្ត លើការអនុវត្តច្បាប់ស្តីពីសំណង់ តាមរយៈការហាមដាច់ខាតសំណង់ គ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអនុវត្តលើការចេញលិខិត សាងសង់ និងការចុះត្រួតពិនិត្យសំណង់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៃការដ្ឋានសាងសង់។
នៅក្នុងសេចក្តីណែនាំស្តីពី ការពង្រីងគុណភាព និងសុវត្ថិភាពសំណង់ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១០ ខែមករា នេះ ក្រសួងដាក់ចេញបម្រាមជាច្រើនចំនុច។
បម្រាមទាំងនេះ គឺភាគភាគច្រើនបំផុតសំដៅទៅលើ ការសាងសង់ ការរុះរើ គ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ ការអនុញ្ញាត ចេញដោយក្រសួង។ អ្វីដែលគួរអោយកត់សំគាល់នោះ ក្រសួងហាមដាច់ខាត ការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ទោះបីក្នុងលខ្ខណៈបណ្តោះអាសន្នក៏ដោយ។
ទន្ទឹមនឹងនេះ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៃការដ្ឋានសំណង់ ក្រសួងជំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ និងវិធានការ លើការចេញលិខិតអនុញ្ញាតសាងស់ ជួលជុល ឬរុះរើ។
បន្ថែមពីលើនេះ ក្រសួងក៏បានជំរុញការចេញ លិខិតអនុញ្ញាតការដ្ឋាន ការរៀបចំការដ្ឋាន ដំណើរការដ្ឋានសំណង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលរាល់ដំណាក់កាលនីមួយៗត្រូវមានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រចេញដោយក្រសួង៕

