ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទីបំផុត អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
នាឱកាសនោះ សម្តេច ហ៊ុន សែន បានសម្តែងមោទនភាពចំពោះវត្តមានអគារទីស្តីការក្រសួងដែនដី ដែលមានលក្ខណៈធំទូលាយជាមុន ពិសេសនឹងកាន់តែធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ នឹងកាន់តែរីកចម្រើនទ្វេដង។
យ៉ាងណា សម្តេច ក៏បានថ្លែងបញ្ជាក់បន្ថែមថា៖ «មានអគារធ្វើការល្អ គឺវាជារឿងល្អហើយ តែអ្វីដែលជាស្នូលគឺការធ្វើការឱ្យល្អ និងមានប្រសិទ្ធិភាព។ ផ្ទុយទៅវិញបើមានកន្លែងធ្វើការល្អ តែការអនុវត្តន៍មិនមានប្រសិទ្ធិភាព គឺស្មើនឹងសូន្យ»។
ហេតុនេះ សម្តេចបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃក្រសួងនេះ សូមបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០។
អគារនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ។ អគារនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤,៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២,៧ ម៉ែត្រ និងទទឹងប្រវែង ៩៤,៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨,៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣,២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។
អគារថ្មីនេះ គឺសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ៕