ក្រសួងរៀបចំដែនដី បើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ដល់អ្នកវិជ្ជាជីវៈ “លើកទី២”
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់ «លើកទី២» ក្នុងគោលបំណងជំរុញឲ្យអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់នៅទូទាំងប្រទេស អនុវត្តតាមច្បាប់ស្តីពីសំណង់ឲ្យបានត្រឹមត្រូវ និងធានានូវគុណភាព និងសុវត្ថិភាព នៅឯសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈនេះ។
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ក្នុងវគ្គផ្សព្វផ្សាយនេះថា៖ «គោលដៅចំបងរបស់ច្បាប់នេះគឺចង់អោយសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាព ឬមានភាពមិនរឹងមាំដែលនាំអោយមានវិបត្តិដូច ដែលធ្លាប់កើតមានកន្លងមកនោះទេ។»
ឯកឧត្តមបានបន្តថា៖ «គោលដៅទី២នៃច្បាប់សំណង់គឺ ការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំ សំណង់ដែលបានសាងសង់ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង រក្សាគំលាតអោយស្របទៅតាមបទដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។»
គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់លើកទីមួយ កាលពីថ្ងៃទី ១៤ មករា ២០២០ ម្តងរួចមកហើយ ដែលពេលនោះមានអ្នកចូលរួមប្រមាណជិត ៥០០០នាក់។ (អានបន្ថែម)
យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពសុវត្ថិភាពនៃវិស័យសំណង់កម្ពុជា គឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះជាលើកចុងក្រោយមួយវគ្គទៀតផងដែរ ដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់អោយបានទូលំទូលាយជូនអ្នកវិជ្ជាជីវៈទាំងឡាយ ដែលមិនទាន់បានមកចូលរួមទាំងពីលើក។

