ក្រសួងសាធារណការស្វាគមន៍អ្នកវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី
ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ញើញ និងស្វាគមន៍ចំពោះក្រុមហ៊ុនឯកជនលើការវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបញ្ជាក់ថា ការចូលរួមវិនិយោគនេះ នឹងជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញឧស្ម័នពុលដល់បរិស្ថាននៅកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ពីដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែឧសភា។
ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា អ្នកវិនិយោគ អាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើនីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើត សេចក្តី ប្រកាសរួមទាក់ទងនឹងការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី។
ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។
ស្ថានីយសាកយានយន្តអគ្គិសនីនៅតាមផ្លូវជាតិសំខាន់ៗត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាព ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនី បានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនី បានចំនួន ៣៨គ្រឿង។
កំណើនយានយន្ត អគ្គិសនីក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២២ នេះ មានចំនួន ៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញ ពីការកើនឡើងជាង ៨០០ភាគរយ។

