ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់សិទ្ធិឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តអាចចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធ cdcIPM
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុញ្ញាតឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) នៅត្រីមាសទី៣ ឆ្នាំ២០២៥។
ក្រុមការងារជំនាញរបស់ CDC និងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសកាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ ដើម្បីពិនិត្យលើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា។
ក្រុមការងារ CDC ក៏កំពុងធ្វើសន្ធានកម្មតភ្ជាប់ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ឈានទៅចាប់ផ្តើមបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥។
គួររំលឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ (អានបន្ថែម)
បច្ចុប្បន្ន គម្រោងវិនិយោគថ្នាក់ក្រោមជាតិ មានទំហំវិនិយោគមិនលើសពី ៥លានដុល្លារ តម្រូវឱ្យចុះបញញ្ជីនៅថ្នាក់ក្រោមជាតិ តាតាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។
CDC បាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ ឌីជីថលភាវូបនីយកម្មនៃការផ្តល់សេវាសាធារណៈនៅតែបន្តជាអាទិភាពសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនេះ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ៕
- Video Advertisement -