ក្រុមហ៊ុនចិនចង់ប្រើបច្ចេកវិទ្យាថ្មីដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញទៅទីផ្សារចិន

ក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន (SINOMACH) ចង់សហការជាមួយសហគ្រាសក្នុងស្រុក ដើម្បីវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន។ នេះបើតាមជំនួបរវាងតំណាងក្រុមហ៊ុន និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបខាងលើនេះ តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “យើងដឹងថាកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយយើងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។”

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងនេះ និងបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។

ឯកឧត្តម បានបន្ថែមថា កម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព ហើយក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករ ធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់ផលិតភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍដំណាំស្វាយចន្ទីរបស់កម្ពុជា។

គួរំលឹកថា ដោយមើលឃើញពីសក្ដានុពលដំណាំស្វាយចន្ទីកម្ពុជា នៅក្នុងខេត្តកំពង់ធំ ប្រតិភូឥណ្ឌា ក៏បានបង្ហាញបំណង់ចង់ពង្រីកការវិនិយោគរបស់ខ្លួនលើដំណាំមួយប្រភេទនេះ តាមរយៈបង្កើតរោងចក្រកែច្នៃគ្រប់ស្វាយចន្ទី សម្រាប់នាំចេញទៅទីផ្សារឥណ្ឌាផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥​ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទី​ឆៅជាង ១​លានតោន

ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែល […]

សភាពាណិជ្ជកម្មរបស់ប៊ុលហ្គារី ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅទីផ្សាររបស់ខ្លួន

សភាពាណិជ្ជកម្មប៊ុលហ្គារី បានបង្ហាញពីបំណងចង់នាំយកគ្រាប់ស […]