ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។
ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។
ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន ដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជាផងដែរ។
សូមរម្លឹកដែរថា ក្នុងមួយខែកក្កដា ឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយ CDC។ នេះបើតាមរបាយការណ៍ CDC កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បន្តថា ក្នុងខែកក្កដានេះ ការវិនិយោគមកពីប្រទេសចិនបានស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦ភាគរយ នៃទុនវិនិយោគសរុប និងការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ ១៤,២៤ភាគរយ នៃទុនវិនិយោគសរុបផងដែរ៕ (អានបន្ថែម)
- Video Advertisement -